រកឃើញបង្គាមានចាក់សារធាតុស្រដៀងចាហួយ ជាង៤០គីឡូនៅផ្សារលើ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី មន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹកស្រស់ ជ្រក់ឪឡឹក បន្លែ ប្រហិត ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ សរុបចំនួន ៤៣,៥០ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។
ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល










