បុរសម្នាក់ត្រូវពិការជើងឆ្វេងអស់មួយជីវិត ក្រោយត្រូវសត្វដង្កូវសមុទ្រប្រភេទនេះខាំ
ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវពិការជើងឆ្វេងអស់មួយជីវិត បន្ទាប់ពីមានសត្វដង្កូវសមុទ្រមួយប្រភេទខាំជើងរបស់គាត់ ខណៈដែលគាត់បានទៅដើរលេងកំសាន្តនៅតំបន់កោះ Pulau Pangkor ដែលស្ថិតនៅក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ បុរសជាជនរងគ្រោះមានឈ្មោះថា Mohd Fadzil Mohd Yunus អាយុ ៣៦ ឆ្នាំ ហើយកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ គាត់នឹងក្រុមគ្រួសារបានទៅកំសាន្តនៅតំបន់កោះខាងលើ ហើយក៏ត្រូវសត្វដង្កូវនោះខាំតែម្តង។ សត្វដង្កូវនោះជាប្រភេទសត្វដ៏កម្រមួយ ដែលមានឈ្មោះជាផ្លូវការថា Chloeia Flava ឬជាធម្មតាគេតែងហៅថា សត្វដង្កូវមាស។
ក្រោយដង្កូវមាសខាំជើង បុរសជាជនរងគ្រោះមានអាការរមាស់ ក្រហាយ និងហើមជើងបន្តិច ក្រោយមកវាក៏ក្លាយទៅជាដំបៅ ហើយទោះជាគាត់ព្យាយាមទៅព្យាបាលបញ្ហានេះនៅមន្ទីរពេទ្យជាច្រើនដងក៏ដោយក៏បញ្ហានៅតែមិនអាចជាសះស្បើយបាននោះទេ។ រហូតមកទល់នឹងពេលនេះជើងរបស់គាត់ត្រូវស្ពឹក ធ្វើចលនាមិនបាន ហើយខាងវេជ្ជបណ្ឌិតហាក់ទាល់គំនិតក្នុងការព្យាបាលបញ្ហានេះឲ្យជាសះស្បើយវិញណាស់។ ខាងវេជ្ជបណ្ឌិតបានអះអាងថា ជើងរបស់បុរសរងគ្រោះអាចនឹងស្ថិតនៅក្នុងស្ថានភាពដូចនេះអស់មួយជីវិត ក្នុងករណីដែលពិសនៅក្នុងខ្លួនរបស់គាត់នៅតែធ្វើទុកដូចពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz