មន្ត្រីជំនាញ ចុះរុះរើស្លាកយីហោ ប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវដែលបកប្រែតាម google translate
នាពេលថ្មីៗនេះ ដោយទទួលបានការណែនាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ចំនួន២ទីតាំង ដែលទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា»។ ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បន្ទាប់ពីបានពិនិត្យឃើញថាហាងទាំងពីរនេះ បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលបានមកពីការបកប្រែភាសាអង់គ្លេស របស់ជនជាតិចិនដែលជាម្ចាស់ហាង និងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕







ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ដោយ៖ ណារ៉ែន