ម៉ាឡេស៊ីនឹងបញ្ជូនសំរាម ៣,០០០តោនទៅកាន់ប្រទេសដើមវិញ ក្រោយជនខិលខូចនាំចូល ហើយយកលេសថាយកមកកែច្នៃ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងធ្វើការបញ្ជូនសំរាមប្រមាណជា ៣,០០០ តោន ទៅកាន់ប្រទេសដើមវិញ ហើយថែមទាំងចោទថា អ្នកដែលបាននាំយកសំរាមទាំងនេះមកកាន់ប្រទេសម៉ាឡេស៊ីគឺជាជនក្បត់ជាតិ។ បើយោងតាមលោកស្រី Yeo Bee Yin រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រថាមពល បច្ចេកវិទ្យាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ីបានឲ្យដឹងថា សំរាមទាំង ៣,០០០ តោននោះ ត្រូវបានគេរៀបចំដាក់ក្នុងកុងទ័រណឺចំនួន ៦០ ផ្សេងគ្នា ហើយវាត្រូវបានគេនាំយកមកប្រទេសម៉ាឡេស៊ីតាមរយៈជនខិលខូចមួយចំនួនក្រោយហេតុផលថា នាំយកសំរាមទាំងនេះមកធ្វើការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។
យ៉ាងណាក្តី ការនាំសំរាមចូលនេះគឺជាសកម្មភាពផ្ទុយទាំងស្រុងទៅនឹងច្បាប់ការពារបរិស្ថាន។ ដូចនេះហើយទើបរដ្ឋាភិបាលម៉ាឡេស៊ីចេញសេចក្តីបញ្ជាភ្លាមៗឲ្យបញ្ជូនសំរាមទាំងនោះទៅកាន់ប្រទេសដើមវិញ ហើយអ្នកដែលពាក់ព័ន្ធនឹងការនាំសំរាមចូលនេះគឺត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាជនក្បត់ជាតិទៀតផង។ សូមរម្លឹកថា កាលពីសប្តាហ៍កន្លងទៅនេះលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនក៏ទើបតែបានបញ្ជាឲ្យបញ្ជូនសំរាមចំនួន ៦៩ កុងទ័រណឺទៅកាន់ប្រទេសកាណាដាវិញផងដែរ ក្រោយមានជនខិលខូចបាននាំសំរាមទាំងនេះមកកាន់ហ្វីលីពីនដោយខុសច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia