ចិន ប៉ងសម្លាប់ ចិន គ្នាឯង នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ-ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០១នាក់ និងសម្ភារៈមួយចំនួន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា លើជនជាតិចិនដូចគ្នា នៅក្នុងសណ្ឋាគារ ដឺ ផាម ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យក្រោយពេលធ្វើសកម្មភាពចាក់ដោយកាំបិតមុតស្រួចលើជនរងគ្រោះ បណ្តាលឱ្យឈ្មោះ សេន យូ (Shen.Yu) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន មុខរបរអាជីករ រងរបួសត្រង់ស្មាខាងឆ្វេង ចំនួន៣កន្លែង នឹងក្បាលចំនួន ២កន្លែង បានរត់គេចខ្លួនពីខេត្តព្រះសីហនុ ទៅលាក់ខ្លួននៅខេត្តកំពត ហើយក្រោយមកក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពត កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏ឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
ជនសង្សយ័ឈ្មោះ Liu Sheng ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅកាសុីណូខ្សាច់ស មុខរបរ មិនពិតប្រាកដ (ជនដៃដល់)។ ដកហូតសម្ភារៈរួមមាន:
១-ទូរស័ព្ទដៃ ចំនួន០១ គ្រឿង
២- លិខិតឆ្លងដែនចំនួន០១ក្បាល
៣-រថយន្តចំនួន ០១គ្រឿង ម៉ាកហាយឡែនឌ័រ។
ក្រោយពីសមត្ថកិច្ចសាកសួរនិងស្តាប់ចម្លើយជនសង្ស័យខាងលើ ឈ្មោះ លូ ស៊ីង (Liu Sheng) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅកាសុីណូខ្សាច់ស ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពិតជាបានយកកាំបិតមុតស្រួចចាក់លើជនរងគ្រោះ ប្រាកដមែន ៕

ប្រភព៖ លោក Huy Bunleng




