សង្គម

សូមប្រយ័ត្នខេត្តរតនគិរីកំពុងផ្ទុះជម្ងឺគ្រុនឈាម រយៈពេល៥ថ្ងៃ មានអ្នកឈឺរហូតដល់ទៅ៨៧ករណី

BY
Khmernote Media
June 4, 2019

ជម្ងឺគ្រុនឈាម បាននឹងកំពុងរាតត្បាតនៅ ភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី នេះបើយោងតាមការបញ្ជាក់ថារបស់ លោក មាន វណ្ណា ប្រធានកម្មវិធីប្រយុទ្ធនិងជំងឺគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ជំងឺគ្រុនឈាមបានផ្ទុះឡើងនៅភូមិឃុំខាងលើនាចុងខែឧសភា គិតមកដល់ពេលនេះមានរយៈពេល ៥ ថ្ងៃហើយ សរុបមានចំនួន ៨៧ករណី តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ក្នុងនោះមន្រ្តីជំនាញបានចុះប្រតិបត្តិការបាញ់ថ្នាំសំលាប់ប្រភពមូសខ្លានៅទីតាំងផ្ទុះជំងឺ។ ជំងឺគ្រុនឈាមដែលបានរាតត្បាតក្នុងភូមិសាស្រ្តខាងលើគឺកើតលើមនុស្សទូទៅមិនថាចាស់ ឬក្មេងនោះទេ ប៉ុន្តែភាគច្រើនក្នុង ៨៧ករណីនេះ គឺកុមារមានចំនួនច្រើនជាងមនុស្សពេញវ័យ ហើយបច្ចុប្បន្ន មន្រ្តីជំនាញកម្មវិធីប្រយុទ្ធនិងជំងឺគ្រុនឈាមបាននឹងកំពុងពិនិត្យព្យាបាលជំងឺនិងកន្លែង ២៤ម៉ោងលើ ២៤ ម៉ោង ហើយមានរថយន្តសង្រ្គោះ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីត្រៀមបង្កាក្នុងករណីដែលអ្នកជំងឺមានសភាពធ្ងន់ធ្ងរដឹកយកមកមន្ទីរពេទ្យបង្អែក។

លោក មាន វណ្ណា បានលើកឡើងពីមូលហេតុ និងការចម្លង រោគសញ្ញា ការបង្ការ និង សកម្មភាពអន្តរាគមន៍ ថា៖
1.មូលហេតុ និង ការចម្លង
-ជំងឺគ្រុនឈាមជាជំងឺឆ្លងមួយដ៏កាចសាហាវដែលបង្កឡើងដោយវីរុសDengue ។ វាអាច ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈការខាំរបស់មូសខ្លាញី ។ ជាទូទៅមូស ខ្លាធ្វើសកម្មភាពខាំមនុស្សចាប់ពីព្រលឹមទល់ព្រលប់ ។ វាអាចបង្កកំណើតបានតាមរយៈវត្ថុ ដក់ទឹកមួយចំនួនដូចជា៖ ពាង អាង សំបកកង់ឡាន ត្រឡោកដូង សំភារៈចាស់ៗ មិនប្រើប្រាស់ដែលមានដក់ទឹក-ល- ។ ជំរករបស់វាគឺនៅតាមព្រៃល្បះជុំវិញផ្ទះ និងនៅក្នុង ផ្ទះ(កន្លែងងងឹត ជាពិសេសកន្លែងព្យួរសំលៀកបំពាក់)។
2.រោគសញ្ញា
-រោគស្រាល៖គ្រុនក្តៅខ្លាំង កំដៅឡើង>៣៨អង្សារ ឈឺក្បាល ឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ឈឺរង្វង់ភ្នែក ឡើងចំណុចក្រហមលើស្បែក
-រោគសញ្ញាធ្ងន់ធ្ងរ៖ មានការហូរឈាមតាមរន្ធញើស តាមច្រមុះ និង អញ្ចាញធ្មេញ ក្អួតឈាម ជុះឈាម និង សន្លឹមបាត់បង់ស្មារតី។
3.ការបង្ការ
លាងសំអាតពាងអាងរាងរាល់សប្តាហ៍ សំអាតបរិស្ថានជុំវិញផ្ទះ(កាប់ឆ្ការព្រៃ ប្រមូលសំរាម សំបកកង់ឡាន និង វត្ថុដក់ទឹកផ្សេងៗជីកកប់រឺដុតចោល) ស្លៀកពាក់ខោអាវវែងៗ ដេកក្នុងមុង ប្រើប្រាស់ធូបមូសឬថ្នាំលាបការពារមូសខាំ។
4. សកម្មភាពអន្តរាគមន៍៖ អប់រំសុខភាព ដាក់ថ្នាំអាបែត បាញ់ថ្នាំសំលាប់មូស ដាក់ក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងផ្ទុះជំងឺ និង ត្រៀមរថយន្តសង្រ្គោះ២៤/២៤ម៉ោង៕

ប្រភព៖មន្ទីរព័ត៌មាន ខេត្តរតនគិរី
ដោយ៖ណារ៉ែន

Share This Post: