ករណីបោះកាក់ចូលម៉ាស៊ីនយន្តហោះកើនឡើងទប់លែងជាប់ ព្រលានយន្តហោះមួយនៅចិនសម្រេចចិត្តធ្វើបែបនេះ
ចិន៖ ករណីអ្នកដំណើរបោះកាក់ប្រាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខនិងសំណាងល្អមុនពេលដែលយន្តហោះចេញដំណើរបានកើតឡើងជារឿយៗនៅក្នុងប្រទេសចិន រហូតមកដល់ពេលនេះមានព្រលានយន្តហោះមួយកន្លែងបានសម្រេចដាក់បញ្ចូលសកម្មភាពនេះជាអំពើខុសច្បាប់តែម្តងក្នុងគោលបំណងលុបបំបាត់សកម្មភាព និងធានាឲ្យបាននូវសុវត្ថិភាព ១០០% សម្រាប់ការហោះហើរ។

ព្រលានយន្តហោះដែលបានអនុវត្តវិធានការនេះមុខគេនៅក្នុងប្រទេសចិនគឺព្រលានយន្តហោះអន្តរជាតិ Sanya Phoenix International Airport ដែលស្ថិតនៅក្នុងក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ ព្រលានយន្តហោះមួយនេះបានសម្រេចសរសេរអក្សរធំៗទាំងជាភាសាចិន និងអង់គ្លេស ដែលមានអត្ថន័យថា “ការបោះកាក់ចូលក្នុងម៉ាស៊ីនយន្តហោះដើម្បីសុំសំណាងល្អគឺជាសកម្មភាពខុសច្បាប់” និងដាក់បង្ហាញសេចក្តីព្រមានមួយនេះនៅពេញព្រលានយន្តហោះ ដើម្បីឲ្យអ្នកដំណើរគ្រប់រូបបានឃើញ និងអនុវត្តតាម៕
អត្ថបទ៖ភក្តី
ប្រភព៖shanghai
