មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានី-ខេត្ត បើកយុទ្ធនាការចុះពិនិត្យនំបញ្ចុក និងបន្លែល្បោយ នៅតាមបណ្តាផ្សារទូទាំងប្រទេស មុនទិវាហូបនំបញ្ចុកថ្ងៃទី៩ ខែមិថុនា
ដោយទទួលបានការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនៅតាមបណ្តាសាខារាជធានី-ខេត្ត បានបើកយុទ្ធនាការចុះពិនិត្យនំបញ្ចុក និងបន្លែល្បោយ ដែលដាក់តាំងលក់នៅតាមបណ្តាផ្សារគោលដៅទូទាំងប្រទេស មុនទិវាហូបនំបញ្ចុក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកសារធាតុគីមីនៅលើនំបញ្ចុក និងបន្លែល្បោយ ។
ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយនៅលើនំបញ្ចុក និងបន្លែល្បោយឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល







