ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាគ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា

    BY soknita October 31, 2025
    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ កម្ពុជាគ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ប្រទេសកម្ពុជា គ្រោងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា។

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថាស្ថានីយ៍សាកអាគុយឡានអគ្គិសនីមាននៅតាមផ្លូវសំខាន់ៗ ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមការកាត់បន្ថយការបំពុលបរិស្ថាន និងជួយប្រជាពលរដ្ឋសន្សំថវិកា។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ស្ដីពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ “ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព”។

    ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ឆាប់ៗនេះ អគ្គិសនីរបស់កម្ពុជាតាមរយៈការចង្អុលទិសរបស់រាជរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថា ទូទាំងប្រទេសកម្ពុជា តាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត និងម៉ូតូ ដែលមានល្បឿនលឿន។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា៖ «ឥឡូវយើងសាកតាមផ្ទះ វាប្រហែល ៦ទៅ ៧ម៉ោង ប៉ុន្តែថ្ងៃក្រោយប្រសិនបើយើងទៅផឹកកាហ្វេតាមផ្លូវជាតិ យើងសាកតែ ២០នាទី ទៅ ៣០នាទី យើងអាចជិះបាន ៣០០ ទៅ ៤០០គីឡូម៉ែត្រទៀត។ យើងធ្វើដូច្នេះ ដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្តដែលប្រើប្រេងម៉ាស៊ូត ឬក៏សាំង ដែលផ្ដល់ការបំពុលទៅបរិស្ថាន និងជួយសន្សំថវិកាឱ្យបងប្អូនប្រជាជន»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ការប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញដល់ជិត ៥ដង ប្រសិនបើប្រៀបធៀបការប្រើប្រាស់រថយន្តម៉ាស៊ូត ឬសាំង ជាពិសេស គឺចូលរួមចំណែកដល់ការថែរក្សារបរិស្ថានពិភពលោក។ «ដូច្នេះផែនការរបស់ក្រសួង ត្រូវទម្លាក់ថ្លៃសាករថយន្ត កុំឱ្យមានតម្លៃថ្លៃដូចបច្ចុប្បន្ន ១ ៦០០ ទៅ ១ ៧០០រៀល ឱ្យមកក្រោមនេះ។ ទីពីរ ពង្រាយស្ថានីយសាកឱ្យច្រើន ដើម្បីឱ្យបងប្អូនយើងទៅណា ក៏អាចមានកន្លែងសាករថយន្ត។ ផែនការនេះ យើងធ្វើមិនត្រឹមតែសម្រាប់រថយន្តគ្រួសារទេ ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញផងដែរ»។

    បើតាមឯកឧត្តម កែវ រតនៈ កម្ពុជាជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជាមិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់ដែលបំផ្លាញដល់បរិស្ថាននោះទេ។ បន្ថែមពីនេះ ៦២ភាគរយ នៃអានុភាពដំឡើងថាមពលនៅក្នុងបណ្តាញជាតិនៅកម្ពុជាបច្ចុប្បន្ន គឺជាថាមពលស្អាត។ ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា៖ «នេះមានន័យថា ថាមពលអគ្គិសនី ថាមពលជីវម៉ាស់ និងថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងចូលរួមបង្កើតឱ្យមានអត្រាខ្ពស់ គឺរហូតដល់៦២ភាគរយ នៃបណ្តាញជាតិ។ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបង់អាស៊ាន ៦២ភាគរយនេះ គឺមានតែប្រទេសឡាវតែមួយគត់ដែលលើសយើង ប៉ុន្តែ បើគិតជាមួយប្រទេសជិតខាងយើង គឺប្រទេសដទៃទៀតបានបញ្ច្រាសទិសយើង»។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា គេ៦០ ទៅ៧០ភាគរយ នៃថាមពលអគ្គិសនី កើតចេញពីផូស៊ីស ធ្យូងថ្ម និងប្រើថាមពលដើរដោយឧស្ម័នច្រើនជាដើម។ ដូច្នេះ ចំពោះកម្ពុជាយើងអាចចាត់ទុកថាជាប្រទេសជាប់លំដាប់ទី២ រួចទៅហើយ និងចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយ នេះ បើប្រៀបធៀបក្នុងផែនការរបស់អាស៊ាន គឺកម្ពុជា បានលើសពីផែនការរបស់អាស៊ាន ៣០ភាគរយ រួចទៅហើយ។

    ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ គឺរដ្ឋមន្ត្រីបណ្តាសមាជិកអាស៊ានទាំងអស់ បានដាក់គោលការណ៍ថា «ត្រូវនាំអាស៊ាន ឱ្យបានទៅដល់ប្រហាក់ប្រហែល ៤០ភាគរយ នៃថាមពលស្អាត នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៣៥»។

    ពាក់ព័ន្ធនឹងគោលការណ៍របស់អាស៊ាននេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលបានសម្គាល់ឃើញថា៖ «ប៉ុន្តែសម្រាប់គោលដៅឆ្នាំ២០៣០ និងឆ្នាំ២០២៣៥ នេះ កម្ពុជាបានឆ្លងរួចទៅហើយ ដោយកម្ពុជាបច្ចុប្បន្នបានមកដល់ ៦២ភាគរយហើយ។ ផែនការរបស់យើង គឺយើងចង់ឱ្យបានថាមពលស្អាតនេះដល់ ៧០ភាគរយ នៅត្រឹមឆ្នាំ២០២៣០ ដើម្បីចូលរួមចំណែកក្នុងពិភពលោកមួយដែលមានចីរភាព និងភាពបៃតង និងជាពិសេសដើម្បីអនាគតរបស់ប្រទេសកម្ពុជាខ្លួនឯង»។

    លើពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា រាជរដ្ឋាភិបាល មានបំណងយកថាមពលបៃតងនេះ ដើម្បីទាក់ទាញការវិនិយោគថ្មីៗ បន្ថែមទៀត ពីព្រោះឧស្សាហកម្មថ្មីៗ អ្នកវិនិតយោគិន ភ្ញៀវទេសចរ និងប្រជាជន ចង់បានថាមពលបៃតង ដែលជាឱកាសឈានទៅបង្កើតការងារថ្មីៗ ជូនដល់យុវជនប្រកបដោយចីរភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: