ប្រជាពលរដ្ឋខ្មែរ អាយុគ្រប់ ១៥ឆ្នាំឡើង អាចស្នើសុំអត្តសញ្ញាណបណ្ណ ដោយភ្ជាប់ឯកសារទាំងនេះមកជាមួយ
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរអាយុគ្រប់ ១៥ឆ្នាំឡើង អាចស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ ដោយគ្រាន់តែភ្ជាប់ឯកសារមួយចំនួនមកជាមួយ។

ចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង អាចស្នើសុំផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងបានដោយភ្ជាប់មក ជាមួយនូវឯកសារដូចជា ៖
១. សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
២. សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ មានបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើម ឬលិខិតបញ្ជាក់ទីលំនៅ។
-ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែមរួមមាន ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។ សម្រាប់ព័ត៌មានលម្អិត ឬដើម្បីសាកសួរព័ត៌មានបន្ថែមពាក់ព័ន្ធនឹង ការងារអត្តសញ្ញាណកម្ម (រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ) ១២៧១ ឬ ០១៧ ៨៩ ៨៩ ១៥៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម