ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល៖ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើន ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន

    BY soknita November 3, 2025
    ឯកឧត្តម ស៊ុន ចាន់ថុល៖ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើន ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល៖ ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តជាច្រើន ដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន។

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ច្បាប់វិនិយោគកម្ពុជា បានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម ដើម្បីមកបណ្តាក់ទុន សំដៅជំរុញសម្ទុះសកម្មភាពវិនិយោគ។

    ក្នុងឱកាសបំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសម្លៀកបំពាក់ (រូត) ដ៏ល្បីល្បាញលើពិភពលោក និងជួបសម្តែងការគួរសម ព្រមទាំងពិភាក្សាការងារជាមួយ លោក Hugues Charbonneau ជាប្រធានក្រុមហ៊ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ពីសក្តានុពលឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលជាបច្ច័យនាំឱ្យមានតម្រូវការខ្ពស់ ចំពោះគ្រឿងបង្គុំដែលមានគុណភាពដូចជា រូត ឡេវ ជាដើម។ល។
    ឯកឧត្តម ក៏បានលើកឡើងអំពីច្បាប់វិនិយោគ ដែលផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម (Backward Linkage) ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តមបាន បញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK នៅកម្ពុជានឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ជាសកលផងដែរ។

    លោក Hugues Charbonneau បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលបានផ្តល់ជូន និងបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យនិងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រូត និងផលិតផលផ្សេងទៀតរបស់ខ្លួន នៅកម្ពុជានាពេលខាងមុខ។

    គួរជម្រាបថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន YKK Canada សំដៅទាក់ទាញក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យធំមួយនៅកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: