ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត

    BY soknita November 7, 2025
    ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត

    តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន TUI Group នឹងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។

    ក្នុងឱកាសនេះដែរ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group និងសហការី អំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយក្រុមហ៊ុន។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។

    ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: