ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងកសិកម្ម៖ ស្រូវចំនួន ១៤.០០០តោន នឹងប្រមូលទិញបន្ថែមទៀតនៅថ្ងៃស្អែក

    BY Nisaiy KN November 9, 2025
    អ្នកនាំពាក្យក្រសួងកសិកម្ម៖ ស្រូវចំនួន ១៤.០០០តោន នឹងប្រមូលទិញបន្ថែមទៀតនៅថ្ងៃស្អែក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា “ស្អែករោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មចំនួន២៧នឹងប្រមូលទិញស្រូវពីបងប្អូនកសិករនៅទូទាំងប្រទេសចំនួនប្រមាណ១៤០០០តោនបន្ថែមទៀតបន្ទាប់ពីបានទិញជិត១ម៉ឺនតោនកាលពីម្សិលមិញ”។

    សូមជម្រាបថា សន្ទុះនៃការប្រមូលទិញស្រូវនេះបានហក់ឡើងបន្ថែម​ទៀតបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេច​បញ្ចេញកញ្ចប់​ថវិកា​ពិសេសបន្ថែមចំនួន ៤០លានដុល្លារអាម៉េរិកតាមរយៈធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB)ដើម្បីផ្តល់ជាហិរញ្ញប្បទាន​ដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ។

    ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB)កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួនថា ដើម្បី​អន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងពេលប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើម​ឆ្នាំ២០២៦ ខាងមុខ រាជរដ្ឋាភិបាល​បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែម​ទៀត ក្រោម​កម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើក​ស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាទុនបង្វិល​ដល់រោង​ម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវ​ឱ្យអស់​លទ្ធភាព និងតាមតម្លៃសមរម្យពីកសិករ។

    តាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍជនបទ និងកសិកម្មដដែល ថាក្នុងរដូវកាលប្រមូលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវមាន​ការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុង​មាននិន្នាការធ្លាក់ចុះ ដោយសារតែ​ស្តុកអង្ករសម្រាប់សុវត្ថិភាព​ស្បៀងឆ្នាំ ២០២៤ របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់ក្នុង​ឆ្នាំ២០២៥ ដែលធ្វើឱ្យតម្រូវ​ការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជានិងលើសកលលោកបន្តកើនឡើង។

    ទាក់ទងនឹងការទម្លាក់មូលនិធិបន្ថែមចំនួន៤០លានដុល្លារនៅថ្ងៃនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់នៅថ្ងៃទី៨ ខែវិច្ឆិកា ថា នេះគឺ​ជាកិច្ចអន្តរាគមន៍លើកទី៣នៅក្នុងឆ្នាំ២០២៥ ដែលកន្លងមកយើងក៏​ធ្លាប់​បានបញ្ចេញថវិកាចំនួន៥០លាន​ដុល្លាររួចមកហើយផងដែរ។ សរុបជាទឹកប្រាក់ទាំង៣លើក កិច្ចអន្តរាគមន៍ទាំងនេះមានទំហំ​៩០លានដុល្លារ ដើម្បី​បង្កើន​កម្លាំងស្រូបទាញពីទីផ្សារនិងបញ្ចៀស​ការកកស្ទះការលក់ស្រូវរបស់ប្រជាកសិករនៅតាមទីវាល។

    ដោយឡែកទាក់ទងនឹងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនជាដៃគូក្រសួងកសិកម្ម អ្នកនាំពាក្យខាងលើបានប៉ាន់ប្រមាណថា ចំនួន​នេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវនេះ លើផ្ទៃដីដាំដុះ​ប្រហែល១,៥​លានហិកតាជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។

    ឯកឧត្តម ឃឹម ហ្វីណង់ ប្រាប់ថា ប៉ុន្មានខែកន្លងមកនេះតាមរយៈ​មន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួង​កសិកម្មនិង​សហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការ​ប្រមូល​ទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិន​ឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។

    អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម​របស់យើងទាំងមូលមានតួអង្គច្រើន ហើយចាំ​បាច់​ណាស់ដែល​គ្រប់​ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាប្រព័ន្ធនិងពង្រឹងភាពជាដៃគូ មិនថានៅក្នុងវិស័យ​សាធារណៈ​និងវិស័យឯកជន ដើម្បីបង្កើនភាព​ធន់ទៅនឹងហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: