សង្គម

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា គ្មានការពុលនំបញ្ចុកក្នុងមហាព្រឹត្តិការណ៍ទទួលទាននំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះទេ

BY
Khmernote Media
June 10, 2019

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាគ្មានការពុលនំបញ្ចុកនៅក្នុងមហាព្រឹត្តិការណ៍ទទួលទាននំបញ្ចុករបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ហើយរហូតមកទល់នឹងព្រឹកនេះ មិនមានករណីប្រជាពលរដ្ឋណាម្នាក់ ពុល រាគក្អូត ដោយសារពិសានំបញ្ចុកនោះឡើយ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល យើងបានត្រៀមរួចជាស្រេច ក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ តែមកទល់នឹងពេលនេះ គ្មានប្រជាពលរដ្ឋយើងមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យយើងទូទាំងប្រទេស។

គួររំលឹកថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការនី ចូលរួមហូបនំបញ្ចុកខ្មែរអោយបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។ ទន្ទឹមនឹងនេះ គឺយើងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិផងដែរ៕

ប្រភព៖ sophea sin
ដោយ៖ ណារ៉ែន

Share This Post: