តុលាការចិនបង្គាប់ឱ្យក្រុមហ៊ុន Malaysia Airlines សងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ ដែលបានបាត់ខ្លួនកាលពីជាង ១០ឆ្នាំមុន ជាប្រាក់ជាង ៤០ម៉ឺនដុល្លារក្នុងមួយករណី
- BY
- Pheakdey
- December 9, 2025
ចិន៖ តុលាការចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ត្រូវបង់ប្រាក់សងជំងឺចិត្តដល់គ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនក្នុងជើងហោះហើរ MH370 កាលពីជាង ១០ឆ្នាំមុន ជាប្រាក់ចំនួន ២,៩លានយ័ន (៤១០,២៤០ដុល្លារ) ក្នុងមួយករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែធ្នូ។ តុលាការចិនបានបញ្ជាក់ថា ជនរងគ្រោះជាពលរដ្ឋចិនដែលស្ថិតនៅក្នុងករណីខាងលើនេះគឺមានចំនួន ៨ករណី។

គួររម្លឹកជូនថា ករណីបាត់ខ្លួនអ្នកដំណើរខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ពោលគឺមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប្រភពខាងលើបានបន្តថា យន្តហោះដែលស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះ គឺជាយន្តហោះប្រភេទ Boeing 777 មានផ្ទុកអ្នកដំណើរសរុបចំនួន ២៣៩នាក់ និងមានទិសដៅធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងពេលដំណើរនោះ សម្រាប់តែយន្តហោះបានបាត់ខ្លួនចេញប្រព័ន្ធតាមដានទាំងស្រុងតែម្តង ដោយគេមិនបានដឹងមូលហេតុនោះទេ ហើយរហូតមកទល់នឹងពេលនេះក៏គេនៅមិនទាន់ស្វែងរកការពិតជាក់ស្តែងនៃការបាត់យន្តហោះយ៉ាងចម្លែកបំផុតនេះនៅឡើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






