ទម្លាប់មិនល្អ ព្រមទាំងផលអវិជ្ជមាន ដែលអ្នកមិនដឹង ពីការចាក់ក្រឡេកក្មេង
ការចាក់ក្រឡេកឲ្យក្មេងសើចអាចជាឥរិយាបថមួយ ដែលមនុស្សជាច្រើនបានធ្វើឡើង ពេលប្រលែងលេងជាមួយនឹងក្មេងក្នុងគោលបំណងចង់ឲ្យពួកគេទទួលបានភាពសប្បាយរីករាយ។ យ៉ាងណាក្តី ការសិក្សាមួយបានរកឃើញថា ការចាក់ក្រឡេកក្មេងតូចអាចនាំឲ្យមានផលអវិជ្ជមានច្រើនជាងផលវិជ្ជមាន ព្រោះហេតុផលដូចខាងក្រោមនេះ៖
១. ការសិក្សាបានបង្ហាញថា រាល់ពេលដែលលោកអ្នកចាក់ក្រឡេកក្មេងពួកគេនឹងរសើប ហើយសើចជាមិនខាននេះជាលក្ខខណ្ឌធម្មជាតិ តែធាតុពិតពួកគេអាចនឹងគ្មានភាពសប្បាយរីករាយនៅខាងក្នុងខ្លួននោះទេ។ ជាក់ស្តែងការស្ទង់មតិមួយបានរកឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានគេចាក់ក្រឡេកទាំងអស់មាន ៣២% ពេញចិត្តនឹងការចាក់ក្រឡេក, ៣២% មានអារម្មណ៍ធម្មតា និង ៣៦% មិនពេញចិត្តនឹងការចាក់ក្រឡេកទាល់តែសោះ។
២. ការចាក់ក្រឡេកនឹងធ្វើឲ្យក្មេងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយសូម្បីតែគេចង់ប្រាប់ឲ្យលោកអ្នកឈប់ចាក់ក្រឡេកគេក៏មិនបានធ្វើបានដែរ។ ក្នុងស្ថានភាពនេះក្មេងអាចនឹងមានអារម្មណ៍មិនល្អ ឬស្អប់អ្នកចាក់ក្រឡេកគេ។
៣៖. នៅក្នុងរជ្ជកាលហាន ប្រទេសចិនបានប្រើការចាក់ក្រឡេកសម្រាប់ធ្វើទណ្ឌកម្មអ្នកទោស តែក្រោយមកសកម្មភាពនេះបានក្លាយជាសកម្មភាពកំសាន្តនៅជប៉ុន និងមានប្រជាប្រិយភាពនៅជុំវិញពិភពលោក។
៤. អ្នកដែលត្រូវគេចាក់ក្រឡេកច្រើនកាលពីក្មេង ពេលធំទៅអាចនឹងក្លាយជាមនុស្សដែលមិនសូវមានស្មារតីរឹងមាំ ពោលគឺអារម្មណ៍របស់ពួកគេឆាប់ប្រែប្រួល និងពិបាកធ្វើការផ្តោតអារម្មណ៍។
៥. អ្នកជំនាញជាច្រើនបានណែនាំឲ្យលោកអ្នកប្រើវិធីផ្សេងក្រៅពីការចាក់ក្រឡេកដើម្បីលេងជាមួយក្មេង ទើបក្មេងមិនសូវទទួលបានផលអវិជ្ជមាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ brightside