ករណីចោរលួចរថយន្តលើកនេះគឺជាមេរៀន! សូមឪពុកម្តាយគ្រប់រូបប្រុងប្រយ័ត្ន មិនត្រូវបញ្ឆេះម៉ាស៊ីនឡានទុកកូនចោលក្នុងរថយន្ត នេះសំណាងល្អហើយ បានសមត្ថកិច្ចជួយបានទាន់ពេល
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានករណីជនសង្ស័យលួចរថយន្ត Highlander មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2S-4126 ពណ៍ទឹកប្រាក់ ចេញពីម្ដុំអាងទឹកអូឡាំពិក ខណៈដែលម្ចាស់រថយន្ត ឈប់បញ្ឆេះរថយន្តចោល ចុះទិញប្រហិត និងទុកកូន២នាក់លេីរថយន្ត ស្រាប់តែជនសង្ស័យឡេីងរថយន្តបេីកចេញទៅតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង០៨យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំកន្លែងលក់ប្រហិតនិងបុកល្ហុង នៅចំណុចផ្លូវ១៤៣ កែង២៧៨ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានធ្វេីការទំនាក់ទំនងគ្រប់បណ្តាគោលដៅ ប៉ុស្តិ៍ ខណ្ឌដេីម្បីស្វែងរក និងស្ទាក់ចាប់រថយន្តដែលជនល្មេីសបានលួចចេញពីសង្កាត់អូឡាំពិក ខណ្ឌចំការមន។ លុះក្រោយមកកម្លាំងនគរបាលខណ្ឌមានជ័យបានប្រទះឃេីញនៅតាមបណ្ដោយផ្លូវ២៧១ ទេីបកម្លាំងកងអន្តរាគមន៍ប្រដេញតាមរហូតដល់ផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ទល់មុខអតីតក្លឹបកម្សាន្ត Cool ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ខណៈដែលចរាចរណ៍មានការកកស្ទះនិងមមាញឹកទៀតនោះ ទេីបធ្វេីឲ្យជនសង្ស័យសម្រេចចិត្តប្លុងរថយន្តចោល រួចបេីកទ្វាររត់គេចខ្លួនបាត់ កម្លាំងនគរបាលខណ្ឌមានជ័យ បានយកចិត្តទុកដាក់មេីលរក្សាការពារក្មេងឲ្យមានសុវត្ថិភាពសិន ហេីយសមត្ថកិច្ចបានប្រគល់រថយន្ត និងក្មេងទាំងពីរនាក់ជូនទៅឪពុកម្តាយវិញ៕




ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន
ដោយ៖ ណារ៉ែន