សញ្ញាណទាំង ៦បញ្ជាក់យ៉ាងច្បាស់ថា ដៃគូរបស់អ្នកមិនបានគិតប្រាកដប្រជាជាមួយនឹងអ្នកឡើយ
សុភាពនារីគ្រប់រូបតែងតែប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះស្រលាញ់ និងឲ្យតម្លៃមកលើខ្លួន។ ជាពិសេសចេះយល់ចិត្ត គិតគូពីរឿងអនាគតរបស់អ្នក និងណែនាំរូបអ្នកដល់ក្រុមគ្រួសាររបស់គេ។ តែបើសិនជាអ្នកចំណាំឃើញសញ្ញាណទាំងនេះនៅលើខ្លួនមិត្តប្រុសរបស់អ្នក នោះបានន័យថារូបអ្នកមិនមែនជាមនុស្សដែលគេគិតប្រាកដប្រជាមកលើយើងនោះទេ ដែលសញ្ញាណទាំងនោះមានដូចជា៖
១. មិនសូវចាប់អារម្មណ៍មកលើអ្នក៖ នៅពេលដែលនៅជាមួយគ្នា ដៃគូរបស់អ្នកតែងតែមិនសូវចាប់អារម្មណ៍ជាមួយនឹងអ្នកឡើយ ដែលធ្វើឲ្យអ្នកតែងមានអារម្មណ៍ថា ខ្លួនអ្នកជាអ្នកដទៃ ហើយក៏ចាប់ផ្ដើមសួួរខ្លួនឯងថាតើត្រូវជាអ្វីនឹងគ្នា?
២. គេមិនចង់ណែនាំអ្នកឲ្យក្រុមគ្រួសាររបស់គេបានស្គាល់៖ ជាទូទៅបុរសតែងតែឆាប់ណែនាំមិត្តស្រីរបស់ខ្លួនទៅដល់អ្នកផ្ទះរបស់គេបានស្គាល់។ តែបើសិនជាអ្នកទាក់ទងជាមួយនឹងមិត្តប្រុសរបស់អ្នកយូរមកហើយ ប៉ុន្តែគេនៅតែណែនាំអ្នកក្នុងនាមជាមិត្តភក្តិធម្មតាម្នាក់នោះ នោះគឺជាសញ្ញាណមួយដែលគួរឲ្យបារម្ភ។
៣. គេមិនបានគិតគូរឿងអនាគតជាមួយអ្នក៖ គេតែងតែគេចវេសនៅពេលដែលអ្នកនិយាយដល់រឿងអនាគតម្ដងៗ តែងធ្វើឲ្យអ្នកមានអារម្មណ៍ថា វាដូចជាអ្នកនៅតែម្នាក់ឯងកំពុងធ្វើរឿងដែលអត់ប្រយោជន៍។

៤. មិនចង់ចំណាយពេលនៅតែពីរនាក់៖ ដៃគូរបស់យើងតែងតែមិនចង់ទៅណាមកណាជាមួយអ្នកតែពីរនាក់ ហើយតែងចង់នៅជាមួយនឹងមិត្តរបស់គេជាជាងនៅជាមួយយើងតែពីរនាក់។
៥. មិនមានភាពស្និតស្នាលនៅពេលដែលនៅជាមួយអ្នក៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នាតែងតែមានភាពស្និតស្នាលនឹងគ្នា និងអាចយល់ដឹងពីគ្នាបានតាមរយៈកាយវិការ។ ប៉ុន្ដែប្រសិនជាដៃគូរបស់អ្នកមិនរវល់ពីអ្នក ហើយមិនសូវចង់ជួបគ្នា មិនសូវស្និតស្នាលផ្អែមល្អែមនឹងគ្នានោះ បង្ហាញយ៉ាងច្បាស់ថាគេចាប់ផ្ដើមមិនពេញចិត្តនឹងអ្នក។
៦. គេមិនដែលទទួលកំហុសនៅពេលដែលឈ្លោះគ្នាម្ដង៖ ការស្រលាញ់គ្នាតែងតែមានរឿងឈ្លោះប្រកែកគ្នាគឺជារឿងធម្មតា និងចេះអត់អោនឲ្យគ្នានោះ ទើបធ្វើឲ្យស្នេហានោះបានគង់វង្ស។ តែបើសិនជាដៃគូរបស់អ្នកមិនចេះលួងលោមអ្នក និងមិនទទួលកំហុសរបស់ខ្លួននៅពេលដែលឈ្លោះគ្នាទេនោះ គឺមានន័យថាគេចាប់ផ្ដើមធុញនឹងអ្នកហើយ។
អត្ថបទ៖ នី