អន្តរជាតិ
ព្យុះនៅភាគខាងជើងឥណ្ឌា បណ្តាលឱ្យមនុស្ស ១១១នាក់បាត់បង់ជីវិត និងជាង ៧០នាក់រងរបួស
BY Pheakdey
May 15, 2026
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែព្យុះដ៏កំណាចមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៥ ខែឧសភា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ មានមនុស្សចំនួន ៧២នាក់ផ្សេងទៀតបានរងរបួស ខណៈផ្ទះជាង ២០០ខ្នងត្រូវបានបំផ្លាញ។

ប្រភពខាងលើបានបន្តថា ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺរដ្ឋ Uttar Pradesh ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ព្យុះបានបណ្តាលឱ្យមានរន្ទះបាញ់ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង រហូតដល់ធ្វើឱ្យដំបូងស័ង្កសីត្រូវប៉ើងចេញពីផ្ទះជាច្រើនខ្នង និងធ្វើឱ្យដើមឈើធំៗជាច្រើនត្រូវដួលរលំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia