តុលាការសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគារ ១ឆ្នាំ អនុវត្តទោស តែ២ខែ១៥ថ្ងៃ និងសងជំងឺចិត្តចំនួន១០០រៀល ដល់អង្គភាពសារព័ត៌មាន Fresh News
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ នេះបើយោងការប្រកាសសាលក្រមលោក ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។
គួរបញ្ចាក់ថាលោក ផែង វណ្ណៈ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៩ ដូច្នេះនៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះលោក ផែង វណ្ណៈនឹងត្រូវបានដោះលែង។ គួររំលឹកថា អង្គភាពព័ត៌មាន Fresh News បានផ្លាស់ប្តូរពាក្យបណ្តឹងរបស់ខ្លួន ដែលពាក្យបណ្តឹងពីមុនទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ។ ក្នុងនោះកាលពីពេលថ្មីលោក ផែង វណ្ណៈ បានសរសេរលិខិតសុំខន្តីអភ័យទៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយលោកបានរៀបរាប់ថាពិតជាមានការសោកស្តាយចំពោះកំហុសឆ្គងដែលបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក៕


ដោយ៖ ណារ៉ែន