ហ្វីលីពីនរងការវាយប្រហារដោយគ្រោះរញ្ជួយដី ៦,៦រ៉ិចទ័របន្ថែមទៀត ខណៈអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដី ៧,៨រ៉ិចទ័រ កាលពីសប្តាហ៍មុន កើនដល់ ៦៥នាក់ និង ៣៦នាក់បន្តបាត់ខ្លួន
ហ្វីលីពីន៖ កោះ Mindanao របស់ប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័របន្ថែមទៀតនៅក្នុងថ្ងៃទី១៥ ខែមិថុនា ខណៈកាលពីជាងមួយសប្តាហ៍មុនកោះមួយនេះធ្លាប់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រម្តងហើយ។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time បានបញ្ជាក់ថា គ្រោះរញ្ជួយដីថ្មីកម្រិត ៦,៦រ៉ិចទ័រនេះមិនបានបង្កឱ្យអ្នករងរបួស និងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

គួររម្លឹកជូនថា ផលវិបាកដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រទៅកាន់កោះ Mindanao ដែលស្ថិតនៅប៉ែកខាងត្បូងហ្វីលីពីននៅតែបន្តកើតមាន បើទោះជាហេតុការណ៍នេះបានកើតឡើងជាងមួយសប្តាហ៍ហើយក៏ដោយ។ ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកនៅមិនទាន់អាចបិទបញ្ចប់នៅឡើយទេ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលបង្កឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមអ្នកជួយសង្គ្រោះ។ របាយការណ៍ចុងក្រោយរបស់អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់ ៦៥នាក់ និង ៣៦នាក់កំពុងបន្តបាត់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time