ទីក្រុង Los Angeles បានប្រកាសអាសន្ន ដោយសារបាតុភូតមានផ្សែងខ្មៅយ៉ាងក្រាស់ក្នុងបរិយាកាសអស់រយៈពេល ៣ថ្ងៃជាប់គ្នា
អាមេរិក៖ អាជ្ញាធរក្រុងឡូសអាន់ជឺឡេស (Los Angeles) សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងក្នុងគ្រាមានអាសន្នជាបន្ទាន់ ក្រោយកើតមានបាតុភូតមានផ្សែងខ្មៅយ៉ាងក្រាស់នៅក្នុងបរិយាកាសអស់រយៈពេល ៣ថ្ងៃជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ រហូតមកទល់នឹងពេលនេះ ពុំមានរបាយការណ៍បង្ហាញថាមានអ្នកណាម្នាក់បានរងគ្រោះថ្នាក់ដោយសារបាតុភូតនេះនៅឡើយទេ។

បើតាមលោក Karen Bass អភិបាលក្រុងឡូសអាន់ជឺឡេសបានបញ្ជាក់ថា ផ្សែងខ្មៅយ៉ាងក្រាស់ដែលកំពុងមាននៅក្នុងបរិយាកាសគឺជាផ្សេងដែលបានភាយចេញពីការឆេះឃ្លាំងស្តុកអាហារកកមួយកន្លែង ហើយផ្សែងដែលបានអណ្តែតនៅលើបរិយាកាសគឺមានផ្ទៃក្រឡាប្រមាណជា ៤៦,០០០ម៉ែត្រការ៉េ។ អភិបាលក្រុងរូបនេះបានបន្តថា ការដែលមានផ្សែងខ្មៅក្រាស់អណ្តែតក្នុងបរិយាកាសយូរដូចនេះគឺជារឿងកម្រមួយ ហើយគេក៏មិនអាចព្យាករណ៍បានថា បាតុភូតក៏កម្រនេះអាចបង្កគ្រោះថ្នាក់កម្រិតណាដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងការអនុវត្តបទបញ្ជាដាក់ទីក្រុងក្នុងគ្រាមានអាសន្ននេះ អាជ្ញាធរក្រុងឡូសអាន់ជឺឡេសបានណែនាំឱ្យប្រជាពលរដ្ឋកាត់បន្ថយការធ្វើសកម្មភាពនៅក្រៅផ្ទះដែលមិនសូវចាំបាច់ ហើយបើមានភារកិច្ចសំខាន់ត្រូវចេញក្រៅ ត្រូវតែពាក់ម៉ាស់និងបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ VN Express