ករណីជនជាតិចិនមិនបើកប្រាក់ខែអោយកម្មករខ្មែរនៅការដ្ឋានមួយកន្លែង នៅខេត្តព្រះសីហនុ ពេលនេះត្រូវបានដោះស្រាយនិងបញ្ចប់ជម្លោះ
ដោយថ្មីៗនេះមានផេកនិងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះករណីពាក់ព័ន្ធជនជាតិចិនមិនបើកប្រាក់ខែអោយកម្មករខ្មែរនៅការដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាអោយផែនសន្តិសុខបង្កើតក្រុមការងារចុះទៅស្រាវជ្រាវភ្លាម។
ជាលទ្ធផល អ្នកម៉ៅការសំណង់ទី០១ ជាជនជាតិចិនឈ្មោះ LIANG JIANMEI ភេទស្រី កាន់លិខិតឆ្លងដែនលេខ LI9276239 បានអោយអ្នកម៉ៅការសំណង់ជាជនជាតិខ្មែរ ទី០២ ឈ្មោះ ផូ លីមទៀង ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ 060868275(01) ជាអ្នកម៉ៅការបន្តលើផ្នែករៀបការ៉ូក្នុងការដ្ឋានខាងលើ។ ក្រោយមកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ អ្នកម៉ៅការសំណង់ជនជាតិខ្មែរនោះបានប្រាប់ទៅកាន់អ្នកម៉ៅការសំណង់ជាជនជាតិចិននោះថាការរៀបការ៉ូរួចរាល់ហើយ និងសុំទូទាត់ប្រាក់បញ្ចប់ តែត្រូវអ្នកម៉ៅការជនជាតិចិននោះពន្យាថាចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះទើបខ្លួនចុះទៅពិនិត្យលទ្ធផលការងារ និងប្រគល់ប្រាក់បញ្ចប់។
ដោយឃើញស្ថានភាពកម្មករសំណង់បិតការ៉ូគ្មានប្រាក់សំរាប់ចំណាយលើជីវភាពប្រចាំថ្ងៃ ហើយមិនមានប្រាក់សងបណ្តើរៗ តាមការស្នើសុំ ទើបឈ្មោះ ផូ លឹមទៀងអ្នកម៉ៅការនេះ បង្ហោះសារដូចក្នុងផេក Pho Limteang ហើយក៏ត្រូវបានផេក (តោពីរ ព័ត៍មាន) យកទៅផុសនិងសរសេរបន្ថែមទៀតដូចមានក្នុងរូប និងវីឌីអូស្រាប់។ នៅចំពោះមុខលោកវរសេនីយ៍ទោ គឹម វ៉ាន់ថា នាយការិយាល័យប្រឆាំងភាវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោកវរសេនីយ៍ត្រី ជុំ សុគន្ធី អធិការរងនគរបាលក្រុងព្រះសីហនុ និង លោកអនុសេនីយ៍ឯក សេង ហ៊ត នាយប៉ុស្ត៏រដ្ឋបាលសង្កាត់លេខ២ ភាគីទាំងពីរបានបានសម្របសម្រួលគ្នាថា ខាងភាគីម៉ៅការ០២និងជួសជុលការ៉ូ និងកន្លែងដែលខូចខាតអោយបានស្អាត ហើយភាគីអ្នកម៉ៅការ០១សន្យានឹងប្រគល់ប្រាក់គ្រប់ចំនួននៅពេលណារួចរាល់៕









ប្រភព៖ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ដោយ៖ ណារ៉ែន