សង្គម

ក្រុមយុវវ័យនាំគ្នាបង្កើតកម្មវិធីលាងម៉ូតូឥតគិតថ្លៃ ដើម្បីរកកម្រៃជួយមន្ទីរពេទ្យគន្ធបុប្ផា​

BY
Khmernote Media
March 21, 2018

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅមុខសាលាបង្រៀនគួរ​រ៉ដវែល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ (ចុចទីនេះ ដើម្បីមើលទីតាំង) គេសង្កេតឃើញក្រុមយុវវ័យ និងសិស្សសាលាជាច្រើននាក់បានបង្កើតកម្មវិធីលាងម៉ូតូ ដើម្បីរកកម្រៃជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា (Washing4Fund)។

តាមរយៈកិច្ចសំភាសន៍ជាមួយក្រុមការងារខ្មែរណូត យុវជនឈ្មោះ ឈុនងី ចាន់រស្មី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាអ្នកបង្កើតកម្មវិធីនេះឡើយបានឲ្យដឹងថា កម្មវិធីលាងម៉ូតូ ដើម្បីរកកម្រៃជួយមន្ទីរពេទ្យគន្ធបុប្ផានេះគឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២១ ខែមីនា នេះឯង ដែលចាប់ផ្តើមឡើងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយការលាងម៉ូតូនេះ គឺឥតយកកម្រៃនោះទេ ប៉ុន្តែអ្នកយកម៉ូតូយកលាងអាចចូលជាថវិកា ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

យុវជនខាងលើបានឲ្យដឹងទៀតថា អ្នកស្ម័គ្រចិត្តចូលរួមលាងម៉ូតូភាគច្រើនជាសិស្សវិទ្យាល័យ ដែលពួកគាត់ចង់ចូលរួមជួយសង្គម ហើយគោលបំណងដែលយុវជនរូបនេះបង្កើតកម្មវិធីនេះឡើងមិនមែនត្រឹមតែជួយមន្ទីរពេទ្យគន្ធបុប្ផាប៉ុណ្ណោះទេ តែចង់បណ្តុះគំនិតឲ្យយុវជនក្មេងៗទាំងអស់ឲ្យមានស្មារតីចេះជួយគ្នា ចេះចែករំលែកគ្នានូវអ្វីដែលខ្លួនមាន។ កុំភ្លេចយកម៉ូតូរបស់អ្នកទាំងអស់គ្នាទៅលាង និងជួយជាថវិកា ដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕

អត្ថបទ៖ សេម

Share This Post: