ស្រៀវណាស់! កំពុងបើកបរ សុខៗស្រាប់តែបំពង់ដែកធ្លាក់ចេញពីរថយន្តដឹកទំនិញធុនធំ ទម្លុះកញ្ចក់បង្ករឲ្យមានរបួស
ថៃ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅឯប្រទេសថៃ ក្រោយបុរសម្នាក់ និងភរិយាខ្លួនស្ទើរបាត់បង់ជីវិតភ្លាមៗព្រោះតែបំពង់ដែលធ្លាក់ចេញពីឡានដឹកទំនិញធុនធំទំលុះចូលកញ្ចក់រថយន្តខ្លួនខណៈពេលកំពុងបើកបរ។ ហេតុការណ៍កើតឡើងនេះគឺមិនមែនជាការសម្តែងភាពយន្តនោះទេ គឺកើតឡើងពិតៗដែលធ្វើឲ្យអ្នកបើកបរដែលមានវ័យ៥៩ឆ្នាំឲ្យភ័យលួសព្រលឹងជាខ្លាំង។
តាមការរាយការណ៍បានបញ្ជាក់ឲ្យដឹងថាលោក មន្តទ្រី ហ្វាកឡ័ត ដែលមានវ័យ៥៩ឆ្នាំ កំពុងបើកបរជាមួយភរិយាខ្លួនតាមដងផ្លូវលេខ៥២ ដែលជាចំណុចកើតហេតុ ខណៈពេលនោះមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកមកទន្ទឹមនៅខាងឆ្វេងដៃ ស្រាប់តែបំពង់ដែកមួយបានធ្លាក់ចេញពីឡាននោះទំលុះកញ្ចក់ឡានបណ្តាលឲ្យភរិយាលោកត្រូវរងរបួសដោយដែកបុកចំដើមទ្រូង បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុប៉ូលីសបានឃាត់ខ្លួនបុរសអ្នកបើករថយន្តរូបនោះដែលមានវ័យ៣២ឆ្នាំ និងពិនិត្យមើលរថយន្តសង្កេតឃើញមានឧបករណ៍ជាច្រើនបានផ្ទុកនៅផ្នែកខាងស្តាំក្រោមរថយន្ត ដោយពុំមានការបិទបាំង និងការពារឲ្យបានត្រឹមត្រូវ ទើបបង្ករឲ្យមានហេតុការណ៍បែបនេះកើតឡើង។ សមត្ថកិច្ចសម្រេចបញ្ជូនខ្លួនអ្នកបើកបររថយន្តដឹកទំនិញធុនធំរូបនោះទៅ ការិយាល័យដើម្បីបំពេញសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ មេសា







