ឯកឧត្តម ហ៊ុន ម៉ានិត ធ្វើការបកស្រាយជុំវិញការចោទប្រកាន់ថា មានលុយ១០០លានដុល្លារនៅក្នុងគណនីធនាគារអាមេរិក
- June 20, 2019
កាលពីពេលថ្មីៗនេះ មានការលើកឡើងនៅលើគណនីហ្វេសប៊ុកមួយឈ្មោះ Tor Nimol ដែលបង្ហាញពីចំនួនលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួនរហូតដល់ទៅ ១០០លានដុល្លារអាមេរិកនៅក្នុងគណនីធនាគាររបស់ ឯកឧត្តម ហ៊ុន ម៉ានិត នៅឯសហរដ្ឋអាមេរិក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះផងដែរ នៅមុននេះបន្តិច ឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើការបកស្រាយនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម ដោយធ្វើការច្រានចោលការបង្ហោះនោះជាព័ត៌មានមិនពិតប្រាកដ មានចេតនាបង្កាច់បង្ខូចឯកឧត្តម។
ឯកឧត្តម ហ៊ុន ម៉ានិត បានឲ្យដឹងដូច្នេះថា “ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ 100 លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី 1 ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំណុចអ្វីខ្លះ គួរតែចាក់រុក។”៕

អត្ថបទ៖ សេម
- Share This Post:









