អ្នកភូមិប្រទះឃើញមនុស្សអណ្តែតលើទឹក ខំហៅប៉ូលីសឲ្យចុះមកធ្វើកោសល្យវិច័យផ្អើលពេញភូមិ តែចុងក្រោយគ្រាន់តែដេកត្រាំក្នុងទឹកលេង
មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃដោយមានករណីហួសចិត្តមួយបានកើតឡើង ដោយក្រុមប៉ូលីសត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាប្រទះឃើញសាកសពអណ្តែតក្រោមស្ពានដោយពុំដឹងមូលហេតុ។ ក្រោយពេលទទួលបានដំណឹងនេះក្រុមប៉ូលីសបានចូលមកដល់ទីកើតហេតុភ្លាមៗដោយឃើញកាបូបជនរងគ្រោះគឺស្ថិតនៅលើផ្លូវដោយមានទូរស័ព្ទដៃមួយគ្រឿងនៅក្នុងនោះផងដែរ។ ស្បែកជើង និងខោអាវ ជ្រុះរប៉ាត់រប៉ាយពេញគុម្ពព្រៃ ព្រមទាំងមានរាងកាយអណ្តែតទឹកក្រោមស្ពាន។
ឃើញហេតុការណ៍បែបនេះកើតឡើងប៉ូលីសក៏បានរៀបចំកោសល្យវិច័យវិភាគរឿងក្តី ដោយពិនិត្យតាមស្នាមដានជើង និងភស្តុតាង ដោយប្រមូលផ្តុំគ្នាទុកមួយកន្លែង។ ពេលដែលរៀបចំរួចរាល់ប៉ូលីសក៏នាំគ្នាចុះស្រង់សាកសពអណ្តែតនោះដោយត្រូវចំណាយពេលរាងយូរបន្តិច ព្រោះតែច្រាំងរាងចោត និងរអិលខ្លាំង។ តែអ្វីដែលហួសចិត្តពេលដែលចុះទៅទាញសាកសពនោះគឺគេមិនបានស្លាប់ឡើយ ដោយបុរសម្នាក់នោះគឺគ្រាន់តែដេកត្រាំទឹកប៉ុណ្ណោះ គេដេកត្រាំទឹកនេះអស់ជាង៥ម៉ោងទៅហើយ ទើបបណ្តាលឲ្យមានការយល់ច្រឡំបែបនេះ។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងក្រុមប៉ូលីសហួសចិត្តជាខ្លាំងព្រោះនឹកស្មានថាករណីឃាតកម្ម ឬការធ្វើអត្តឃាត ផ្ទុយទៅវិញវាបែរជាការដេកត្រាំទឹកលេងរបស់បុរសម្នាក់នេះសោះ៕






