អស់បារម្ភជាមួយនឹងបញ្ហាកម្ចាត់មុនក្បាលស និងក្បាលខ្មៅ ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រដ៏ងាយៗទាំងនេះ
- March 21, 2018
ស្បែកស្រស់ស្អាតគ្មានមុន គឺជាធាតុដ៏សំខាន់មួយនៃសម្រស់របស់មនុស្ស។ វិធីច្បាស់លាស់មួយដើម្បីឲ្យស្បែកមានសុខភាពល្អ និងស្អាតល្អឥតខ្ចោះ គឺអ្នកត្រូវព្យាយាមថែរក្សាវាជារៀងរាល់ថ្ងៃ។ ខាងក្រោមជាវិធីសាស្ត្រដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពប្រសើរបំផុតមួយចំនួនដែលនឹងជួយអ្នកកម្ចាត់នូវមុនក្បាលស និងខ្មៅចេញឲ្យអស់ពីច្រមុះ ក៏ដូចជាផ្ទៃមុខ ៖
១. រូបមន្ត ក្រូចឆ្មារ ទឹកឃ្មុំ និងស្ករស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារមួយផ្លែទៅជា ២ កំណាត់ (ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ចូរប្រើក្រូចឆ្មារពណ៌លឿង) រួចចាក់ទឹកឃ្មុំក្នុងចំនួនសមល្មមពេញលើផ្ទៃមុខកាត់នៃក្រូចឆ្មារម្ខាង។ រោយស្ករស ឬដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ អ្នកអាចប្រើស្ករអំពៅ) ចំនួន ២ ចិប លើក្រូចឆ្មារ បន្ទាប់មកអ្នកត្រូវយកក្រូចឆ្មារម្ខាងដែលលាយរួចនេះទៅម៉ាស្សាថ្នមៗយឺតៗក្នុងចលនាបែបរង្វង់លើតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារតែមុនក្បាលស ឬក្បាលខ្មៅ។ អ្វីដែលអ្នកត្រូវចាំ គឺមិនត្រូវអនុវត្តន៍វិធីសាស្ត្រឲ្យលើសពីម្ដងក្នុងមួយសប្តាហ៍ឡើយ។

២. ក្រមួន Vaseline និងផ្លាស្ទិកសម្រាប់រុំ ៖ ពេលដ៏ល្អបំផុតដើម្បីអនុត្តន៍ គឺបន្ទាប់ពីអ្នកងូតទឹកហើយភ្លាម ក៏ព្រោះកម្ដៅពីទឹកនឹងជួយបើករន្ធញើសរបស់អ្នក។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាបក្រមួន Vaseline លើតំបន់ដែលទទួលរងផលប៉ះពាល់ត្រូវការការព្យាបាល។ នៅពេលលាបរួច ចូរយកយកផ្លាស្ទិកសម្រាប់រុំមកដាក់បិតពីលើ ហើយបន្ទាប់មកអ្នកត្រូវយកកន្សែងក្ដៅមួយមកដាក់ស្អំលើផ្លាស្ទិក ទុកចោលរហូតទាល់តែចុះត្រជាក់សិនសឹមយកកន្សែង និងបកផ្លាស្ទិកចេញ។ តំណាក់កាលបន្តទៀត គឺអ្នកត្រូវយកក្រដាសជូតមាត់មួយសន្លឹកមកជូតសម្អាតក្រមួន Vaseline ចេញពីមុខ ហើយចាប់ផ្ដើមច្របាច់ស្បែកដែលមានមុនក្បាលខ្មៅ ឬសថ្នមដើម្បីយកមុនចេញ។ ធូលីដែលកកស្ទះនៅក្នុងរន្ធញើសនៃតំបន់នោះក៏ងាយនឹងច្របាច់ចេញផងដែរជាមួយនឹងវិធីសាស្ត្រដ៏ងាយនេះ។ តំណាក់កាលចុងក្រោយបំផុត គឺអ្នកត្រូវយកសំឡីជ្រលក់ចូលទៅក្នុងឡេដែលផ្ដល់សំណើមដល់ស្បែក រួចយកវាទៅលាបលើតំបន់ស្បែកដែលអ្នកបានញិចយកមុនចេញ។អនុវត្តន៍វិធីសាស្ត្រនេះឲ្យបានពី ១ ទៅ ២ដង ក្នុងមួយខែ។

៣. ប្រេងដូង និងប្រេងចាំបាច់ផ្សេងៗ ៖ ជាដំបូងអ្នកត្រូវកម្ដៅប្រេងដូងចំនួន ១ ភាគ ៤ នៃពែង ឲ្យបានរយៈពេលពី
១០ ទៅ ១៥ វិនាទីសិន។ បន្ទាប់មកចាក់វាចូលក្នុងក្រឡមួយ រួចធ្វើការលាយប្រេងក្រូចឆ្មារ ប្រេងឡាវ៉េនដឺ និងប្រេងដើមតែ ចំនួន ១០ ដំណក់ចូល។ កូរល្បាយរហូតដល់សព្វ សឹមយកសំឡីជ្រលក់ចូលក្នុងល្បាយប្រេងនេះ ហើយយកមកលាបនៅលើមុខរបស់អ្នកក្នុងពេលព្រឹក និងល្ងាច ក្រោយពេលលាងសម្អាតមុខរួច។ នៅពេលប្រើរួចអ្នកគួរបិទគ្របក្រឡល្បាយឲ្យជិត ហើយរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាព ២០ អង្សារសេ។

៤. ម្ស៉ៅឈើអែម និងម្ស៉ៅស្រូវសាលី ៖ លាយម្ស៉ៅស្រូវសាលីចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងម្ស៉ៅឈើអែមក្នុងចំនួនស្មើគ្នា។ បន្ទាប់មកធ្វើការចាក់ទឹកក្ដៅឧណ្ហៗចូលបន្តិច ហើយកូរឲ្យសព្វឲ្យវាឡើងសើមក្រាស់។ ប្រើចុងនៃម្រាមដៃរបស់អ្នកលាបល្បាយទៅលើផ្ទៃមុខក្នុងចលនាបែបរង្វង់ថ្នមៗយឺតៗសម្រាប់រយៈពេល ១ នាទី សឹមលាងមុខចេញជាមួយនឹងទឹកត្រជាក់។ គួរបញ្ជាក់ផងដែរថា ម្ស៉ៅឈើអែមអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺឆៀបៗនៅពេលលាបលើស្បែក ប៉ុន្តែវានឹងបាត់ឈឺទៅវិញដោយឯកឯងនៅពេលអ្នកលាងសម្អាតមុខចេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវអនុវត្តន៍វិធីសាស្ត្រឲ្យលើសពី ២ដង ក្នុង១ខែឡើយ។

៥. រូបមន្ត ម្ស៉ៅធញ្ញជាតិ ទឹកឃ្មុំ យ៉ាអួរ និងប្រេងអូលីវ ៖ អ្នកត្រូវការ ម្ស៉ៅធញ្ញជាតិចំនួន ១ ភាគ ៤ ពែង យ៉ាអួរ ២ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ។ ចាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកឲ្យសព្វចូលគ្នា។ លាបល្បាយនៅលើស្បែកមុខរបស់អ្នក រួចចាប់ផ្ដើមដុសថ្នមៗក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេល ១ ទៅ ២ នាទី សឹមលាងសម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ ប្រសិនបើអ្នកមានស្បែកស្ដើងងាយនឹងរលាកដោយសារតែការដុសខាត់នោះចូរកុំដុស! គ្រាន់តែប្រើល្បាយនេះជាម៉ាសបិតមុខបែបធម្មជាតិទៅបានហើយ ដោយលាបរួចទុកចោលសម្រាប់រយៈពេលប្រហែលជា ៥ ទៅ ៧ នាទី សឹមលាងសម្អាតចេញ។ អនុវត្តន៍ត្រឹមតែ ១ ឬ ២ ដងក្នុងមួយសប្តាហ៍បានហើយ៕

ប្រភព ៖ Brightside
- Share This Post:






