មុខកើតមុនក៏មានប្រយោជន៍ផងដែរ ដោយអ្នកជំនាញបាននិយាយថា វាជួយទប់ស្កាត់ភាពចាស់បាន
ជាការពិតណាស់មិនថាយើងជួបរឿងអាក្រក់យ៉ាងណាក៏ដោយ ក៏មិនអាចវាយប្រហារផ្លូវចិត្តរបស់យើងដូចការឡើងមុននៅលើផ្ទៃមុខនោះទេ ព្រោះវាធ្វើឲ្យយើងបាត់បង់នូវភាពស្រស់ស្អាត និងភាពជឿជាក់លើខ្លួនឯង។ យ៉ាងណាមិញការសិក្សាមួយបាននិយាយថា ការឡើងមុន អាចផ្ដល់ផលប្រយោជន៍ដល់ស្បែក ដែលវាជារឿងមួយមិនគួរឱ្យជឿ និងភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើនដែលជួបបញ្ហានេះ។
កាលពីដើមឡើយ ការមានមុន ត្រូវបានគេគិតថា បណ្ដាលមកពីបញ្ហាខ្លាញ់នៅលើស្បែក និងការថែរក្សាអនាម័យមិនបានល្អ ប៉ុន្តែការសិក្សាថ្មីមួយដែលបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិ Investigative Dermatology បានបង្ហាញថា អ្នកដែលមានប្រភេទស្បែកដែលងាយនឹងឡើងមុន អាចទទួលបានអត្ថប្រយោជន៍ស្បែកពីវាទៀតផង។ ចម្លែកណាស់មែនទេ? ការពិតទៅវាទាក់ទងនឹងកោសិកា telomeres ដែលជាកោសិកាមួយប្រៀបដូចជាគម្របបិទ ដែលនៅចុងបញ្ចប់បណ្តុំ DNA ដោយនៅពេលដែលយើងកាន់តែចាស់ វាកាន់តែខ្លីទៅៗ ហើយនាំមកវិញនូវការវិវដ្ដទៅរកភាពចាស់ ឬខូចកាសិកា។

ប៉ុន្តែការសិក្សាមួយរបស់អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ King’s College នៅទីក្រុងឡុងដ៍ របស់អង់គ្លេសបានរកឃើញថា មនុស្សដែលកើតមុនមានផ្ទុក telomeres ក្នុងកោសិកាឈាមស។ ដោយវេជ្ជបណ្ឌិតសើស្បែកលោក Simone Ribero បានឱ្យដឹងថា អ្នកដែលរងសម្ពាធជាមួយការកើតមុន «មានកោសិកាដែលអាចការពារ ដើម្បីប្រឆាំងនឹងភាពចាស់បាន» ហើយបើយើងក្រឡេកទៅមើល biopsies របស់ស្បែកវិញ ពួកយើងអាចនឹងយល់បានថា ដំណើរការសំយោគរបស់ហ្សែន (gene expressions) មានតំណភ្ជាប់ជាមួយនឹងកោសិកាអ្នកកើតមុននេះ៕


អត្ថបទ៖ លីនី