កុំចេះតែហ៊ាន! ថៃនឹងដាក់ច្បាប់ហាមឃាត់ការជក់បារីថ្មីមួយ ដែលសូម្បីតែជក់បារីក្នុងផ្ទះខ្លួនឯងក៏ខុស
ថៃ៖ ច្បាប់ហាមឃាត់ការជក់បារីក្នុងផ្ទះនឹងចូលជាធរមាននៅថ្ងៃទី ២០ ខែសីហា ខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីផ្សែងបារី។ យោងតាមច្បាប់អភិវឌ្ឍន៍ និងការពារគ្រួសារ ឆ្នាំ២០១៩ ដែលបានប្រកាសនៅក្នុងរាជកិច្ចរាជរដ្ឋាភិបាល រាល់អ្នកជក់បារីនឹងត្រូវបានគេទុកពេលឱ្យ ៩០ថ្ងៃ ដើម្បីកែទម្លាប់អាក្រក់នេះចេញ ដែលការជក់បារីវាបានធ្វើឱ្យសាច់ញាតិរស់នៅក្រោមដំបូលផ្ទះតែមួយ អាចមានគ្រោះថ្នាក់ដល់សុខភាព។ អ្នកដែលបំពានច្បាប់អាចត្រូវបានកាត់ទោសនៅក្នុងតុលាការអនីតិជន ឬព្រហ្មទណ្ឌ ខណៈការដាក់ពិន័យនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ តុលាការអាចបញ្ជាអ្នករំលោភច្បាប់ទាំងនោះឱ្យបញ្ឈប់ការជក់បារី ឬអនុវត្តវគ្គសិក្សាណាមួយ ដើម្បីផ្ដាច់បារី។

វាមិនច្បាស់ទេថា តើច្បាប់នឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច។ ប៉ុន្តែសេចក្តីប្រកាសនេះបានធ្វើឡើង ខណៈដែលក្រុមអ្នកប្រឆាំងនឹងថ្នាំជក់បានខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យបរិយាកាសនៅផ្ទះគ្មានផ្សែងបារី ឬផ្សែងបារីអគ្គីសនី។ លោក Ronnachai Khongsakon ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវចំណេះដឹង និងគ្រប់គ្រងចំណេះដឹងបាននិយាយថា៖ «កាលពីឆ្នាំមុន មនុស្សចំនួន ៨,២៧៨នាក់ បានស្លាប់ដោយផ្សែងបារី»។ ការស្រាវជ្រាវបានរកឃើញថា ជិត ៣៣% នៃអ្នកជក់បារីបានបង្ហុយផ្សែងបារីពេញផ្ទះ ហើយជិត ៧៤% ជក់បារីជារៀងរាល់ថ្ងៃ។ ហើយយោងតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា កាលពីឆ្នាំមុនមនុស្សចំនួន ៥៤,៥១២នាក់ បានស្លាប់ ដោយសារជំងឺដែលបណ្តាលមកពីការជក់បារីនេះ៕

អត្ថបទ៖ លីដា