អ្នកធាត់ៗកុំទាន់អាលអស់សង្ឃឹម! បុរសម្នាក់បង្ហាញពាក្យក្នុងចិត្តដ៏ផ្អែមល្ហែមទៅកាន់នារីជាគូស្នេហ៍៖ ស្រលាញ់អូនគឺជាអូន ពេញចិត្តនូវអ្វីដែលអូនមាន
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃពីគូស្នេហ៍ផ្អែមល្ហែមមួយគូ ជាមួយឃ្លាថា ស្នេហ៍ពិតមិនគិតលើរូបរាងនោះឡើយ។ រឿងរ៉ាវរំភើបចិត្ត និងរូបថតផ្អែមល្ហែមជាច្រើនសន្លឹកត្រូវបានចែករំលែកបន្តគ្នាពីគណនីមួយទៅគណនីមួយទៀត ដោយលក្ខណៈពិសេសរបស់គូស្នេហ៍មួយគូនេះគឺខាងប្រុសមាឌតូចជាងខាងស្រីដល់ទៅពីរដង។
បុរសដែលជាគូស្នេហ៍ស្រីម៉ាប់ម្នាក់នេះបានបង្ហោះសាររំភើបចិត្តនៅក្នុងបណ្តាញសង្គមឲ្យមហាជនដឹងថា «មិនបាច់វះកាត់កែសម្ផស្ស ឬសម្រកគីឡូធ្វើបាបខ្លួននោះឡើយ ស្រលាញ់អ្វីដែលអូនមានដរាបណាអូនមានក្តីសុខ បងក៏មានក្តីសុខ។ មិនខ្វល់ថាគេគ្រប់គ្នាគិតបែបណា អូននៅតែជាអូនមនុស្សដែលបងស្រលាញ់។ រូបរាងខាងក្រៅមិនសំខាន់ សំខាន់ជាមនុស្សស្រីដែលយល់ចិត្តខ្ញុំ និងតែងលើកកំលាំងចិត្តគាំទ្រខ្ញុំគ្រប់ពេល ស្រលាញ់អូនគឺជាអូន ពេញចិត្តនូវអ្វីដែលអូនមាន»។ សារដ៏ផ្អែមល្ហែមនេះបានធ្វើឲ្យនារីមិនតិចនាក់ទេ លួចច្រណែនជាពិសេសគឺនារីៗដែលមានរូបរាងធាត់ៗ ពេលដែលបានឃើញគូស្នេហ៍មួយគូនេះសង្ឃឹមថាកុំអស់សង្ឃឹមនឹងជីវិត៕










