មេរៀនសម្រាប់អ្នកទិញអីវ៉ាន់តាមអនឡាញ! ស្ត្រីម្នាក់ទិញទូរស័ព្ទដៃតាមអនឡាញ បើកប្រអប់មកឃើញតែម្ស៉ៅកូនក្មេង
ថៃ៖ ថ្មីៗនេះកើតរឿងហួសចិត្តមួយពេញបណ្តាញសង្គមថៃ តែវាក៏ជាសារដាស់តឿនមួយសម្រាប់អ្នកចូលចិត្តទិញអីវ៉ាន់អនឡាញ ដោយមានករណីស្ត្រីម្នាក់ទិញទូរស័ព្ទតាមអនឡាញ តែពេលដែលបានមកដល់ដៃបើកប្រអប់មើលស្រាប់តែឃើញម្សៅពីរកំប៉ុងតូចៗដែលធ្វើឲ្យនាងចង់ដាច់ផ្ងារ។
អ្នកស្រី ជុខារ័តន៍ ផ្លយចាន់ធីក ដែលមានអាយុ៣២ឆ្នាំ ដែលជាជនរងគ្រោះដោយការឆបោកនេះបានរៀបរាប់ឲ្យដឹងថា «ដើមឡើយគឺអ្នកស្រីចង់ទិញទូរស័ព្ទថ្មីមួយគ្រឿង ក៏បើកចូលទំព័រលក់ទូរស័ព្ទ ឃើញផេកមួយគេបង្ហោះទូរស័ព្ទជាមួយតម្លៃដ៏ថោក អ្នកស្រីក៏ឆាតទៅសួរនាំនឹងធ្វើការជាវ។ ដោយអ្នកស្រីបានបញ្ជាទិញទូរស័ព្ទ OPPO A3 ក្នុងតម្លៃ ១,៣០០ បាត ប្រមាណ ៤២$ ខាងអ្នកលក់ក៏តម្រូវឲ្យអ្នកស្រីវេរលុយទៅឲ្យគេមុនធ្វើការដឹកជញ្ជូន។ ដោយមានការសង្ស័យនឹងមិនសូវទុកចិត្តអ្នកស្រីបានវេរលុយចំនួនពាក់កណ្តាលក្នុងចំនួនទឹកប្រាក់ ៦៩០បាត ប្រាក់ដែលនៅសល់អ្នកស្រីនឹងវេរទៅពេលទទួលទំនិញ។ ស្រាប់តែពេលឥវ៉ាន់មកដល់ដៃ ពេលដែលអ្នកស្រីបើកប្រអប់នោះមើល អ្វីដែលឃើញស្ទើរតែសន្លប់ផ្ងារជើង ព្រោះតែវាមានតែម្សៅពីរកំប៉ុងប៉ុណ្ណោះ មិនមានទូរស័ព្ទឡើយ»។
ដោយដឹងថាខ្លួនចាញ់បោកគេ អ្នកស្រីក៏ព្យាយាមទាក់ទងទៅអ្នកលក់រូបនោះ តែពុំអាចទាក់ទងបានទៀត។ នេះជាមេរៀនមួយសម្រាប់អ្នកទិញឥវ៉ាន់អនឡាញ ដោយនេះជាល្បិចឆបោកមួយគួរប្រុងប្រយ័ត្នជៀសវាសការកើតមានលើខ្លួនអ្នក៕
អត្ថបទ៖ មេសា


