ហេតុតែចង់ទៅរៀនសូត្រ ក្មេងៗនៅវៀតណាមសុខចិត្តច្រកខ្លួនចូលថង់ប្លាស្ទិក ដើម្បីឆ្លងកាត់ស្ទឹងដែលមានទឹកហូរយ៉ាងខ្លាំង
វៀតណាម៖ មធ្យោបាយធ្វើដំណើរគឺជារឿងសំខាន់មួយដែលគួរយកចិត្តទុកដាក់ យើងធ្លាប់តែទៅណាមកណាដោយជិះឡាន ម៉ូតូ ងាយៗ តែក៏នៅមានអ្នករអ៊ូថាពិបាក។ ដោយឡែកប្រសិនបើយើងក្រឡេកមកមើលក្មេងៗនៅឯភាគខាងជើងនៃខេត្ត Dien Bien ប្រទេសវៀតណាមវិញ គឺពិបាកជាងយើងជាច្រើនដងឯណោះ ដោយពួកគេត្រូវធ្វើដំណើរដោយច្រកថង់ផ្លាស្ទិក មានមនុស្សចាស់ហែលឆ្លងទឹកដែលហូរខ្លាំងដើម្បីបានទៅដល់សាលារៀន។
តាមរយៈលោក Vang A Po ដែលជាប្រធានសហគមន៍ Na Sang បានរៀបរាប់ឲ្យដឹងថា «ជារៀងរាល់ថ្ងៃ កុមារតូចៗជាច្រើនដែលមកពីភូមិ Huoi Ha តំបន់ភ្នំភាគខាងជើង តែងត្រូវបានធ្វើការចម្លងដោយច្រកចូលក្នុងថង់ផ្លាស្ទិកធំ ដើម្បីឆ្លងកាត់ទឹកហូរខ្លាំងដើម្បីបានមកដល់សាលារៀន។ ពួកគេត្រូវស្នាក់នៅសាលាសម្រាប់ថ្ងៃសិក្សា និងត្រលប់ទៅផ្ទះវិញនៅថ្ងៃចុងសប្តាហ៍។ ផ្លូវដែលធ្វើដំណើរពីភូមិ Huoi Ha ទៅសាលារៀនពួកគេ គឺស្ថិតនៅតំបន់កណ្តាលនៃសហគមន៍ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ហើយវានឹងរអិលខ្លាំងពេលដែលមានភ្លៀងធ្លាក់។ ដូចនេះក្មេងៗត្រូវចំណាយពេលជាង ៥ ម៉ោង ដើម្បីធ្វើដំណើរឆ្លងកាត់ ដោយគ្មានផ្លូវជ្រើសរើសគឺពួកគេត្រូវឆ្លងកាត់ស្ទឹងទឹកហូរ Nam Chim ដោយប្រើថង់ប្លាស្ទិកបែបនេះ។
នៅរដូវប្រាំង ក្មេងៗអាចឆ្លងកាត់ស្ទឹងនេះតាមរយៈស្ពានឈើ តែសម្រាប់រដូវវស្សាចន្លោះពីខែមិថុនា ដល់តុលា ពួកគេត្រូវឆ្លងដោយប្រើថង់ប្លាស្ទិក ព្រោះតែស្ពាននោះវាបានលិចបាត់ ដោយកម្ពស់ទឹកឡើងខ្លាំង។ ដោយសារតែការធ្វើបែបនេះវាមានគ្រោះថ្នាក់ខ្លាំង ទើបពួកយើងចង់ឲ្យខាងរដ្ឋាភិបាលសាងសង់ស្ពានដើម្បីឆ្លងកាត់»។ ប្រជាជននៅទីនេះគឺចង់បានស្ពានឆ្លងកាត់ជាខ្លាំង ពួកគេបានព្យាយាមសាងសង់វាជាច្រើនដងមកហើយ តែដោយអាកាសធាតុ និងគ្មានទុនគ្រប់គ្រាន់ទើបមិនមានអ្វីកើតឡើងនោះឡើយ។
លោកប្រធានភូមិ Phu បាននិយាយថា « ពួកយើងត្រូវការទឹកប្រាក់ចំនួន ៦ ពាន់លានដុង ដែលប្រមាណជា ២៧ ម៉ឺនដុល្លារ ដើម្បីធ្វើការសាងសង់ស្ពានឆ្លងកាត់ស្ទឹង Nam Chim។ ទោះបីជាមានប្រាក់ក្តីក៏យើងនៅតែមានឧបសគ្គព្រោះតែ គ្រឿងចក្រ និងឧបករណ៍សាងសង់ត្រូវឆ្លងកាត់ផ្លូវរអិល និងចោតដែលមានប្រវែង១២គីឡូម៉ែត្រ ដែលនេះគឺជាផលពិបាកមួយ។ យ៉ាងណាមិញដើម្បីធ្វើការសាងសង់ស្ពាននេះបាន យើងត្រូវធ្វើផ្លូវជាមុន ដោយយើងសង្ឃឹមថានឹងទទួលបានប្រាក់ឧបត្ថម្ភពីខាងរដ្ឋាភិបាលចំពោះគម្រោងមួយនេះ៕
អត្ថបទ៖ មេសា


