សង្គម

សម្តេចក្រឡាហោម ស ខេង លើកឡើងថា អ្នកជិះម៉ូតូមិនពាក់មួក ត្រូវឃាត់មិនឲ្យដំណើរឡើយ ទាល់តែរកមួកមកពាក់ទើបរួចខ្លួន

BY
Khmernote Media
July 13, 2019

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះផងដែរ សម្តេច ស ខេង ក៏បានលើកឡើងពីបញ្ហាអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដោយតម្រូវឲ្យអ្នកជិះម៉ូតូមិនពាក់មួក ត្រូវឃាត់ម៉ូតូហើយឲ្យម្ចាស់ម៉ូតូទៅរកមួកមកពាក់ទើបឲ្យបន្តដំណើរទៅមុខទៀត។

សម្តេច ស ខេង បានមានប្រសាសន៍ដូច្នេះថា “អ្នកជិះម៉ូតូហើយមិនពាក់មួកសុវត្ថិភាព គឺប៉ូលិសមានភារកិច្ចឃាត់អ្នកមិនឲ្យធ្វើដំណើរតទៅទៀត សូមឲ្យអ្នកទាក់ទងរបៀបណាក៏ដោយ វិធីណាក៏ដោយ យកមួកមកពាក់សិន បានឲ្យធ្វើដំណើរបន្តទៅទៀត អត់យកម៉ូតូនោះមកទុកទេ គឺប៉ូលិសគ្រាន់តែគ្រប់គ្រងម៉ូតូមិនឲ្យម្ចាស់ម៉ូតូធ្វើដំណើរតទៅទៀតប៉ុណ្ណោះ ដើម្បីជីវិតអ្នក ហើយវាដូចជាមិនទាន់កាចទេវិធានការប៉ុណ្ណឹង ព្រោះបើឃាត់យកម៉ូតូមកទុក មិនដឹងទុកនៅឯណា បើបាត់របស់គេទៅបានអីសង ហើយទោះបីមានរឿងយ៉ាងម៉េចក៏មិនឲ្យបន្តដំណើរទៅមុខទៀតដែរ រកមួកមកពាក់សិនបានឲ្យទៅ”៕

អត្ថបទ៖ សេម

Share This Post: