ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ស៊ុន ចាន់ថុល រកឃើញភាពមិនប្រក្រតីមួយចំនួនពីគុណភាពផ្លូវជាតិលេខ២១

    BY Khmernote Media July 18, 2019
    ឯកឧត្តម ស៊ុន ចាន់ថុល រកឃើញភាពមិនប្រក្រតីមួយចំនួនពីគុណភាពផ្លូវជាតិលេខ២១

    ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថាន KICT ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ថ្លែងទៅកាន់ក្រុមគណៈប្រតិភូវិទ្យាស្ថាន KICT នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងគុណភាពផ្លូវជាតិលេខ២១ បន្ទាប់ពីបានសាងសង់រួចរាល់ និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីបច្ចេកទេសរបស់ក្រសួងត្រូវតែធ្វើការដោយផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីពាក់ព័ន្ធលើកឡើងពីបញ្ហាកង្វល់របស់ខ្លួន និងផ្តល់ធាតុចូលទាក់ទងនឹងភាពមិនប្រក្រតីទាំងនោះ ដើម្បីធ្វើផែនការសកម្មភាពក្នុងការជួសជុល កែតម្រូវផ្លូវនេះឱ្យមានគុណភាពទទួលយកបាន និងរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ក្រសួងនឹងបង្កើតក្រុមការងារមួយដើម្បីតាមដានការអនុវត្តការជួសជុលផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ ដែលសាងសង់មិនស្របតាមលក្ខណៈបច្ចេកទេស ដោយត្រង់ចំណុចដែលបានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង និងបានកំពុងទទួលរងការខូចខាតបណ្តើរៗ។

    សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថានភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ហើយបានពិនិត្យឃើញផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១ មានស្នាមបែក ប្រេះ និងសំបុកមាន់ជាច្រើនកន្លែង។

    ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យ KICT ពិនិត្យលទ្ធភាពជួយផ្តល់ជញ្ជីងថ្លឹងរថយន្តចល័តដើម្បីថ្លឹងរថយន្តដឹកទំនិញលើសកម្រិតកំណត់ ពិសេសថ្លឹងរថយន្តដែលធ្វើដំណើរក្នុងទិសដៅចរាចរណ៍ចេញពីប្រទេសវៀតណាមចូលមកកាន់ទឹកដីកម្ពុជា ដោយសារផ្លូវនេះមានលក្ខណៈតូចចង្អៀត មិនអាចសាងសង់ស្ថានីយថ្លឹងរថយន្តនៅម្ខាងផ្លូវជាប់ទន្លេបាសាក់បាន៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay