តើយុវវ័យបច្ចុប្បន្នចំណាយពេលប៉ុន្មានទៅលើស្មាតហ្វូនរបស់ពួកគេក្នុងមួយថ្ងៃ?
- March 29, 2018
ដោយសារតែបច្ចេកវិទ្យាមានការរីកចំរើន នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទស្មាតហ្វូនបានកំពុងតែក្លាយជាវត្ថុមួយ ដែលមនុស្សស្ទើរតែគ្រប់គ្នាមានប្រើប្រាស់ ហើយអ្នកខ្លះប្រើដល់ទៅ២ឬ៣គ្រឿងថែមទៀតផង។ ហើយស្មាតហ្វូនមិនត្រឹមតែផ្តល់ការកំសាន្តដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាក៏បានផ្តល់ចំនេះដឹងតាមរយៈការសិក្សាតាមប្រព័ន្ធអិនធើណេតផងដែរ។ ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងធ្វើការសំភាសន៍ជាមួយនឹងយុវវ័យ ដើម្បីចង់ដឹងថា តើពួកគាត់ចំណាយពេលវេលាប្រើប្រាស់ស្មាតហ្វូនក្នុងមួយថ្ងៃប៉ុន្មានម៉ោង?
លោក វ៉ាន់ដេត អាយុ២៦ឆ្នាំ ជាបុគ្គលិកមន្រ្តីបំរើការក្នុងស្ថាប័នមួយបានឲ្យដឹងថា វាមិនទៀងនោះទេ បើថ្ងៃធ្វើការធម្មតា លោកដកទូរស័ព្ទមកចុចលេងតិចតួចប៉ុណ្ណោះ ហើយសរុបជាមធ្យមគិតទៅប្រហែល២-៣ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃទំនេរវិញ លោកអាចចំណាយពេលចន្លោះពី៤-៥ម៉ោង។ លោកបន្ថែមទៀតថា សម្រាប់ថ្ងៃធម្មតា ភាគច្រើនលោកប្រើប្រាស់ទៅលើបណ្តាញសង្គមហ្វេសប៊ុក, ការងារប្រចាំថ្ងៃនាៗដែលមាននៅក្នុង Telegram និងការជជែកគ្នាលេងនៅក្នុង group chat ហើយសម្រាបប់ថ្ងៃទំនេរវិញ លោកឆែកមើលវីដេអូនៅលើ Youtube និងមើលរឿងផ្សេងៗនៅលើអិនធើណេត។

រីឯលោក សុវណ្ណ អាយុ២៨ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុកឯកជនមួយបានឲ្យដឹងថា តាំងពីព្រឹករហូតដល់ល្ងាចលោកមិនសូវបានចុចទូរស័ព្ទប៉ុន្មាននោះទេ ច្រើនតែនិយាយទូរស័ព្ទជាមួយភ្ញៀវ ហើយចាប់ពីល្ងាចទៅបានលោកចុចទូរស័ព្ទលេង។ ក្នុងមួយថ្ងៃលោកចំណាយពេលប្រើទូរស័ព្ទប្រមាណ២ទៅ៣ម៉ោង ដោយភាគច្រើនប្រើប្រាស់ទៅលើបណ្តាញសង្គមហ្វេសប៊ុក ឆែកម៉ែល លេងហ្គេម ស្តាប់ចម្រៀងកំដ និងមើលវីដេអូនៅលើ Youtube ជាដើម។
ចំណែកឯកញ្ញា ស្រីម៉ាច ជាបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង និងជាអ្នកលក់ទំនិញតាមអនឡាញបានឲ្យដឹងផងដែរថា ក្នុងមួយថ្ងៃកញ្ញាចំណាយពេលប្រើប្រាស់ទូរស័ព្ទមិនក្រោម៥ម៉ោងនោះទេ ព្រោះនៅកន្លែងធ្វើការកញ្ញាត្រូវបានទូរស័ព្ទឆែក telegram, mail និងឆែកអិនធើណេត ហើយសម្រាប់របរអនឡាញវិញ កញ្ញាត្រូវបើកមើលតាមបណ្តាញសង្គមដូចជាហ្វេសប៊ុក, Line និង Instagram ជាដើម ដើម្បីតាមដានអាជីវកម្មអនឡាញរបស់កញ្ញា និងធ្វើការឆ្លើយតបសារជាមួយអតិថិជន។ សម្រាប់ពេលទំនេរកញ្ញាអាចធ្វើការលេងហ្គេម មើលវីដេអូ Youtube និងពេលខ្លះអានសៀវភៅអេឡិចត្រូនិកតាមទូរស័ព្ទជាដើម។
សម្រាប់អ្នកទាំងអស់គ្នាវិញ តើក្នុងមួយថ្ងៃចំណាយពេលប្រើប្រាស់ទូរស័ព្ទប៉ុន្មានម៉ោងដែរ?

អត្ថបទ៖ សេម
- Share This Post:






