សង្គម

ទឹកជំនន់វាយលុក ដល់តំបន់ទេសចរណ៍ កោះឆាង ខេត្តត្រាត ប្រទេសថៃ ធ្វើឲ្យរងការខូចខាតជាខ្លាំងដោយស្ពាន និងផ្លូវត្រូវកាត់ផ្តាច់ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋត្រូវជាប់នៅទីនោះកំពុងរង់ចាំការសង្គ្រោះ

BY
Khmernote Media
September 18, 2019

ខេត្តមួយចំនួនធំនៅប្រទេសថៃ បានរងគ្រោះទឹកជំនន់ជន់លិចព្រោះតែមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បន្តជាប់គ្នា ដោយសារតែរងឥទ្ធិពលនៃខ្យល់ព្យុះត្រូពិក ពុឌុល។ ករណីគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យរាជរដ្ឋាភិបាលថៃហាក់ឈឺក្បាល និងដុតដៃដុតជើងជាខ្លាំងដើម្បីចេញវិធានការទប់ស្កាត់ និងសង្គ្រោះផ្សេងៗ ព្រោះតែទឹកជំនន់នៅឆ្នាំនេះគឺមានសភាពធ្ងន់ធ្ងរបំផុត ប្រចាំប្រវត្តិសាស្ត្រទឹកលិចប្រទេសថៃ ដោយខេត្តដែលរងគ្រោះខ្លាំងបំផុតគឺខេត្ត អ៊ុប៊ុនថានី ដែលស្ថិតនៅភូមិភាគឦសាន្ត។

ថ្មីៗនេះដែរ មានការបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម ដោយសារតែពេលនេះទឹកជំនន់បានវាយលុកទៅដល់តំបន់ទេសចរណ៍មួយប្រចាំប្រទេសថៃ នោះគឺ កោះឆាង ដែលស្ថិតនៅក្នុងខេត្ត ត្រាត ប្រទេសថៃ។ ខ្យល់បក់ខ្លាំង ជាមួយទឹកភ្លៀងធ្លាក់ជាប់គ្នាមិនដាច់គ្រាប់បានបង្កឲ្យមានការខូចខាតដល់ផ្លូវថ្នល់ពុំអាចធ្វើដំណើរបាន លើសពីនេះភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរកម្សាន្តនៅឯកោះឆាង គឺត្រូវជាប់នៅទីនោះដើម្បីរង់ចាំការជួយសង្គ្រោះ។ ដោយអគ្គីសនីនៃតំបន់កោះមួយនេះគឺត្រូវបានកាត់ផ្តាច់ទាំងស្រុង ដែលបង្កក្តីព្រួយបារម្ភ ព្រមទាំងពិបាកក្នុងការទំនាក់ទំនង យ៉ាងណាមិញរាជរដ្ឋាភិបាល បានប្រកាសរៀបចំកិច្ចសហការជាមួយក្រុមសង្គ្រោះដើម្បីជម្លៀសប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍នៅទីនោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

Share This Post: