ចេញវស្សាឆ្នាំនេះ ថៃគ្រោងកើបលុយពីភ្ញៀវទេសចរណ៍ ដោយត្រៀមរៀបចំពិធីបុណ្យបែបសាសនាជាច្រើនដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវ
ខណៈពេលដែលថ្ងៃចេញព្រះវស្សា ត្រៀមនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ បណ្តាប្រទេសជាច្រើនដែលកាន់ព្រះពុទ្ធសាសនាបានរៀបចំកម្មវិធីបុណ្យប្រពៃណីជាច្រើនទៅតាមបែបផែនប្រទេសរបស់ខ្លួន។ ឆ្លៀតឱកាសនេះ ប្រទេសថៃ ដែលជាប្រទេសដ៏ល្បីឈ្មោះមួយក្នុងការទាក់ទាញទេសចរណ៍ បានប្រកាសពីគម្រោងទាក់ទាញទេសចរណ៍របស់ខ្លួនដោយរៀបចំពិធីបុណ្យបែបប្រពៃណីសាសនាធំៗជាច្រើនកន្លែង ដើម្បីទាញយកចំណូល និងផ្សព្វផ្សាយបុណ្យប្រពៃណីសាសនាខ្លួនទៅកាន់ភ្ញៀវទេសចរណ៍ និងពិភពលោកឲ្យបានស្គាល់កាន់តែទូលំទូលាយ។ ថ្ងៃចេញវស្សានៅឯប្រទេសថៃ ត្រូវបានកំណត់យកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះជាថ្ងៃបុណ្យធំបំផុត តែកម្មវិធីបុណ្យតាមតំបន់នីមួយៗអាចធ្វើមុន និងក្រោយអាស្រ័យទៅតាមការរៀបចំ។ ពិធីបុណ្យបែបប្រពៃណីសាសនាទាំងនោះមានដូចជា៖
១. ពិធីបុណ្យបណ្តែតប្រទីបយក្សនៅដងទន្លេមេគង្គ ខេត្តណាខនផានុម៖ ដែលនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៦ ដល់ ១៤ តុលា

២. ពិធីបុណ្យដង្ហែសត្វនាគ និងបាញ់កាំជ្រួច ខេត្តណងខាង៖ ធ្វើឡើងនៅថ្ងៃទី១០ ដល់ ១៦ តុលា

៣. ពិធីបុណ្យហែប្រាសាទក្រមួន ខេត្តសាគុនណាខន៖ ធ្វើឡើងនៅថ្ងៃទី១០ ដល់១៣ តុលា

៤. ការដាក់បាតព្រះសង្ឃតាមបណ្តោយមាត់ទន្លេ ខេត្តប៉ាក់ធុមថានី៖ ធ្វើឡើងនៅថ្ងៃទី១៣ និង ១៤ តុលា

៥. ពិធីបុណ្យប្រពៃណីដង្ហែគោមចង្កៀង ខេត្តមេហុងសន៖ ធ្វើឡើងនៅថ្ងៃទី១២ ដល់ ១៤ តុលា

៦. ពិធីបុណ្យថ្វាយផ្កាឈូក ខេត្តសាមុទប្រាកាណ៖ ធ្វើឡើងនៅថ្ងៃទី១២ តុលា

៧. ពិធីបុណ្យចេញវស្សា និងបណ្តែងកន្ទោង ខេត្តលឿយ៖ ធ្វើឡើងនៅថ្ងៃទី១២ ដល់ ១៤ តុលា

៨. ពិធីដាក់បាតព្រះសង្ឃចំនួន ៥០០អង្គ និមន្តចុះជណ្តើរពីលើកំពូលភ្នំដែលមានជណ្តើរ៤៤៩កាំ វត្តសង្កាត់រតនាឃីរី ខេត្តអ៊ុថៃថានី៖ ធ្វើឡើងនៅថ្ងៃ១៣ និង ១៤ តុលា

៩. ពិធីបុណ្យបណ្តែតគោមទីអាសានៈចំនួន ១១គោម ស្រុកមឿង ខេត្តមេហុងសន៖ ធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ២១ តុលា

១០. ពីធីដង្ហែប្រទីបចម្លាក់ព្រះ និង ប្រណាំងទូកវែង ខេត្តសុរ៉ាតថានី៖ ធ្វើនៅចន្លោះថ្ងៃទី១០ ដល់ ១៨ តុលា៕
