ឪពុកម្តាយស្លាប់ ដោយសារជម្ងឺមហារីក! ក្មេងកំព្រា៣នាក់បងប្អូនគ្មានទីពឹង ប្រឹងលក់ផ្កា ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព និងមើលថែលោកយាយជរា
- September 30, 2019
ថៃ៖ មនុស្សម្នាក់ៗកើតមកមានវាសនាមិនដូចគ្នានោះឡើយ អ្នកខ្លះក៏កើតមកក្នុងគ្រួសារដែលមានជីវភាពធូរធា អ្នកខ្លះទៀតក៏រស់នៅទាំងលំបាកវេទនា។ អាស្រ័យហេតុនេះការតស៊ូក៏តែងតែកើតមានឡើងលើមនុស្សគ្រប់គ្នា ជាក់ស្តែងកាលពីថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងប្រុស៣នាក់បងប្អូន ចេញលក់កម្រងផ្កាក្រោយពេលទំនេរពីការសិក្សា ដើម្បីយកប្រាក់មកមើលថែលោកយាយជរា និងបន្តការសិក្សារបស់ខ្លួន។
ក្មេងៗទាំង៣រូបនេះត្រូវបានគេរកឃើញនៅឯខេត្ត Kanchanaburi ប្រទេសថៃ ដោយពួកគេគឺជាបងប្អូនបង្កើតដែលកំព្រាឪពុកម្តាយ ព្រោះតែបានបាត់បង់ជីវិតដោយសារមានជម្ងឺមហារីកគ្មានថវិកាព្យាបាល។ សព្វថ្ងៃពួកគេរស់នៅជាមួយលោកយាយជរាមួយរូប ដោយគាត់ពុំអាចរកចំណូលបាននោះឡើយ ព្រោះខ្លួនចាស់ទ្រុឌទ្រោម ហេតុដូចនេះក្មេងៗទាំង៣ក៏សម្រេចចិត្តដើរលក់ផ្កាដើម្បីទទួលបានកម្រៃសម្រាប់ចាយវាយក្នុងការសិក្សា និងការមើលថែលោកយាយដូចគ្នា។
ពួកគេទាំង៣បានរៀបរាប់ឲ្យដឹងថា៖ «មួយខែយើងអាចរកប្រាក់បានប្រមាណ ២០០០បាត ពីការលក់ផ្កាដែលអាចទិញបាយញ៉ាំ និងទៅរៀនបាន។ ពួកខ្ញុំមិនហត់ទេ ព្រោះតែវាជាចំណូលសម្រាប់ចាយវាយ មានថ្ងៃខ្លះខ្ញុំចេញពីរៀនមកលក់ដល់យប់ជ្រៅក៏មាន ថ្ងៃណាគេទិញច្រើនលក់ឆាប់អស់ ឆាប់បានត្រលប់មកផ្ទះ ទិញបាយហូបជុំគ្នាជាមួយយាយ»៕
អត្ថបទ៖ មេសា
- Share This Post:









