មន្ត្រីប៉ូលីសមួយរូបប្រើប្រាស់កាំភ្លើង M16-M4 បាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ស្នាក់នៅ ដោយសង្ស័យថាកើតជម្ងឺបាក់ទឹកចិត្ត
- October 7, 2019
ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីមន្ត្រីប៉ូលីសវ័យក្មេងមួយរូបបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនដោយបង្កក្តីភ្ញាក់ផ្អើលជាខ្លាំង។ ករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួននេះគឺបានកើតឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបន្ទប់អគារស្នាក់នៅមួយជាន់ទី២ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកយ៉ាឡា ខេត្តយ៉ាឡា ប្រទេសថៃ។
សាកសពត្រូវបានគេរកឃើញថាជាមន្ត្រីប៉ូលីសឈ្មោះថា Wuttikorn Jit Punapat អាយុ ៣២ឆ្នាំ បានដេកស្លាប់នៅក្នុងថ្លុកឈាម ដោយមានកាំភ្លើង M16-M4 នៅក្បែរ ដែលជាអាវុធប្រចាំការផ្ទាល់ខ្លួនរបស់រូបគេ។ តាមរយៈការស៊ើបសួរបានឲ្យដឹងថាមន្ត្រីប៉ូលីសរូបនេះគឺរស់នៅជាមួយភរិយា ព្រមទាំងកូនស្រីម្នាក់ដែលមានអាយុ២ឆ្នាំ ក្រោយមកប្រហែលជាអ្នកទាំងពីរមានទំនាស់ទាស់ទែងគ្នា គេបានឃើញភរិយានាំកូនស្រីចាកចេញពីផ្ទះដោយបានប្រាប់ថាយកកូនទៅលេងផ្ទះឪពុកម្តាយ អស់រយៈពេលជាង១ខែមកហើយ ដោយពុំឃើញត្រលប់មកវិញ។
មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា មន្ត្រីប៉ូលីសមួយរូបនេះអាចមានបញ្ហាជម្ងឺបាក់ទឹកចិត្ត និងធុញថប់ខ្លាំងជាមួយបញ្ហាជីវិត ជាពិសេសពាក់ព័ន្ធនឹងរឿងគ្រួសារទើបបណ្តាលឲ្យសម្រេចចិត្តគិតខ្លីបែបនេះ។ យ៉ាងណាមិញគេនឹងពិនិត្យបន្ថែមដើម្បីដឹងមូលហេតុលម្អិតច្បាស់លាស់ មុននឹងបញ្ជូនសាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
- Share This Post:










