អ្នកជំនាញព្រមានថា ការសាកទូរស័ព្ទនៅក្នុងរថយន្តអាចប៉ះពាល់ដល់ទាំងថ្មទូរស័ព្ទ និងអាគុយរបស់រថយន្ត
បច្ចុប្បន្ននេះអ្នកបើកបរឬកំពុងជិះក្នុងរថយន្តមួយចំនួនអាចនឹងមានអារម្មណ៍ថា ចង់គាំងបេះដូងនៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពស្ទះផ្លូវយ៉ាងខ្លាំង ហើយទូរស័ព្ទរបស់ពួកគេជិតអស់ថ្មទៀត។ ដើម្បីស្រោចស្រង់បញ្ហានេះ ការប្រើប្រាស់ឌុយបញ្ចូលថ្មទូរស័ព្ទចេញពីរថយន្តគឺជាដំណោះស្រាយដ៏ល្អបំផុត។ យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកថាមពលអគ្គិសនីបានព្រមានថា ការបញ្ចូលថ្មទូរស័ព្ទរបៀបនេះអាចធ្វើថ្មទូរស័ព្ទ និងអាគុយរថយន្តឆាប់ខូចយ៉ាងខ្លាំង។

ក្រុមអ្នកជំនាញបានពន្យល់ថា ថាមពលអគ្គិសនីចេញពីអាគុយរថយន្តមានចរន្តមិនថេរឡើយ ពោលគឺឡើងចុះៗជាញឹកញាប់ ដែលជាហេតុផលមួយធ្វើឲ្យថ្មទូរស័ព្ទឆាប់ខូច ហើយម្យ៉ាងទៀតចរន្តអគ្គិសនីចេញពីអាគុយនោះមិនត្រូវគ្នាជាមួយនិងថ្មទូរស័ព្ទ ១០០% ឡើយព្រោះតាមការពិតគេមិនបានច្នៃថាមលអាគុយនោះទុកសម្រាប់ប្រើជាមួយថ្មទូរស័ព្ទឡើយ។ ដោយឡែកអាគុយរបស់រថយន្តដែលត្រូវបានគេទាញថាមពលមកប្រើច្រើនកន្លែងដូចជា សម្រាប់ប្រើលើម៉ាស៊ីនត្រជាក់ បើកវិទ្យុឬបើកតន្ត្រី និងបញ្ចូលថ្មទូរស័ព្ទនេះទៀតក៏ឆាប់ខូចដែរ ព្រោះវាត្រូវចែកថាមពលទៅកាន់ផ្នែកជាច្រើនក្នុងពេលតែមួយ ដែលមានន័យថាយើងប្រើប្រាស់អាគុយលើសពីកម្លាំងរបស់វា៕
អត្ថបទ៖ ភក្តី
