ក្រសួងអប់រំម៉ាឡេស៊ីគ្រោងនឹងផ្លាស់ប្តូរផ្នត់គំនិតយុវសិស្សក្មេងៗពីការជ្រើសរើសការងារ ដែលខ្លួនស្រលាញ់ទៅចាប់យកការងារ ដែលមានតម្រូវការខ្ពស់វិញ
ម៉ាឡេស៊ី៖ ក្រសួងអប់រំម៉ាឡេស៊ីនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមយុវសិស្សក្មេងៗ ដែលការផ្លាស់ប្តូរនោះគឺជាការផ្លាស់ប្តូរទៅលើផ្នត់គំនិតរបស់ពួកគេក្នុងការជ្រើសរើសការងារនៅពេលអនាគត។ កន្លងមកក្រុមសិស្សសាលានៅម៉ាឡេស៊ីទាំងអស់ត្រូវបានគេបណ្តុះគំនិតថា ត្រូវជ្រើសរើសមុខរបរ ឬការងារណាដែរខ្លួនស្រលាញ់បំផុតទើបពួកគេអាចទទួលបានជោគជ័យខ្លាំងនៅក្នុងកិច្ចការទាំងនោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលបច្ចុប្បន្ននេះពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងក្រោមឥទ្ធិពលនៃបច្ចេកវិទ្យា និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋម្នាក់ៗផ្ទាល់ផងដែរ។

ជាក់ស្តែងស្ថានភាពនៅក្នុងប្រទេសម៉ាឡេស៊ីក៏មានការប្រែប្រួលខ្លាំងណាស់ដែរ ដែលអាចធ្វើឲ្យការងារមួយចំនួននឹងក្លាយជាការងារមិនសំខាន់ ឬលែងមានតម្រូវការទាល់តែសោះតែម្តងនៅក្នុងពេលអនាគត។ អាស្រ័យលើស្ថានភាពជាក់ស្តែងនេះហើយ ទើបរដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងធ្វើការផ្សព្វផ្សាយអំពីបញ្ហាដ៏រសើបនេះនៅតាមគ្រប់សាលារៀនចាប់ពីខែឆ្នូ ឆ្នាំ ២០១៩ នេះតទៅ ដើម្បីឲ្យយុវជនក្មេងៗបានដឹង និងពិចារណាឡើងវិញចំពោះការងារដែលពួកគេស្រលាញ់ តែវាអាចក្លាយជាការងារគ្មានតម្រូវការទាល់តែសោះនៅពេលខាងមុខ៕

អត្ថបទ៖ ភក្តី