ក្មេងៗទើបរៀនថ្នាក់ទី២ ចំនួន៦នាក់នាំគ្នារត់ចេញពីផ្ទះ ក្រោយប្រលងមិនបានពិន្ទុខ្ពស់តាមការចង់បានរបស់ឪពុកម្តាយ
ចិន៖ ពិន្ទុ និងលទ្ធផលនៃការសិក្សាបានដាក់សម្ពាធទៅកាន់ក្រុមយុវសិស្សក្មេងៗនៅក្នុងប្រទេសចិនជាខ្លាំង ជាក់ស្តែងកន្លងមកនេះមានករណីសិស្សសាលាចិនបានសម្រេចចិត្តធ្វើអត្តឃាតកើតមានជារឿយៗក្រោយពួកគេទទួលបានភាពបរាជ័យនៅក្នុងថ្នាក់រៀន។ កាលពីពេលថ្មីៗនេះទៀតសោធ មានសិស្សសាលាទើបនឹងរៀននៅក្នុងថ្នាក់ទី ២ ចំនួន ៦ នាក់ ត្រូវបានប៉ូលិសចិនរកឃើញថា បានសម្រេចចិត្តរត់ចេញពីផ្ទះទាំងយប់ ព្រោះតែពួកគេមិនអាចប្រលងបានពិន្ទុរហូតដល់ ៩០% នៃពិន្ទុសរុបតាមដែរម្តាយឪពុករបស់ពួកគេចង់បាន។ សារព័ត៌មានបរទេសបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Suzhou ក្រុងសៀងហៃ ដែលជាតំបន់មួយមានអាណាព្យាបាលសិស្សភាគច្រើនចូលចិត្តប្រកួតប្រជែងគ្នាតាមរយៈលទ្ធផលនៃការសិក្សារបស់កូនៗពួកគាត់។
ប្រភពខាងលើបានបន្តថា ក្មេងៗទាំង ៦ នាក់ខាងលើមានការប្រលងមួយនៅពេលព្រឹក ហើយដល់ពេលយប់ឡើងពួកគេក៏បានរត់ចេញពីផ្ទះតែម្តង ព្រោះពួកគេដឹងច្បាស់ថា ពួកគេធ្វើមិនបានល្អឡើយក្នុងពេលប្រលេង ហើយប្រាកដណាស់ថាពួកគេនឹងមិនអាចទទួលបានពិន្ទដល់ ៩០% តាមការចង់បានរបស់ម្តាយឪពុកឡើយ។ យ៉ាងណាក្តី ក្រោយប្រទះឃើញហេតុណ៍នេះប៉ូលិសបាននាំក្មេងៗទាំងនោះមកថែរក្សា និងក្រោយមកហៅម្តាយឪពុករបស់ពួកគេឲ្យមកទទួលពួលគេត្របល់ទៅផ្ទះវិញផងដែរ៕

អត្ថបទ៖ ភក្តី


