ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័មព្រោះតែម្តាយរវល់តែកាន់ទូរស័ព្ទថតវីដេអូ
ម៉ាឡេស៊ី៖ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បានធ្លាប់ពីលើអគារជាន់ទី ៥ ស្លាប់ យ៉ាងអាណោចអាធ័មជាទីបំផុត ព្រោះតែការធ្វេលប្រហែលរបស់ម្ដាយនាង។ បើតាមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា គ្រួសាររបស់ក្មេងស្រីរងគ្រោះជាអ្នករស់នៅក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី តែពួកគេបានមកកំសាន្តនៅក្នុងក្រុង Penampang ដែលជាតំបន់ទេសចរណ៍មួយរបស់ម៉ាឡេស៊ី។ ក្នុងការមកកំសាន្តនេះគ្រួសារក្មេងស្រីរងគ្រោះបានស្នាក់នៅក្នុងបន្ទប់ជាន់ទី ៥ នៃសណ្ឋាគារដែលជាកន្លែងកើតហេតុខាងលើ។
មុនពេលកើតហេតុបន្តិចក្មេងស្រីរងគ្រោះ និងប្អូនស្រីនាងម្នាក់ទៀតបានរត់លេងនៅទីធ្លារមុខបន្ទប់ ខណៈដែលម្តាយរបស់នាងតាមថតវីដេអូពីក្រោយ ហើយបន្តិចក្រោយមកនាងក៏ធ្លាក់ពីលើអគារស្លាប់ភ្លាមៗតែម្តង។ បន្ទាប់ពីមើលវីដេអូ និងស្ដាប់ការរៀបរាប់ខាងលើ ក្រុមអ្នកបើប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានដាក់ការស្តីបន្ទោសទៅកាន់ស្ត្រីជាម្តាយ ដែលគិតតែពីថតសកម្មភាពកូនរហូតបណ្តោយឲ្យកូនធ្លាក់ដូចនេះ ផ្ទុយទៅវិញបើពេលនោះស្រ្តីជាម្តាយមិនរវល់តែកាន់ទូរស័ព្ទថតកូនទេ ម្លះគាត់អាចស្ទុះទៅចាប់កូនជាប់មុនពេលដែលនាងធ្លាក់ចុះមកក្រោយបាត់ទៅហើយ៕
អត្ថបទ៖ភក្តី


