អាមេរិកនិយាយថា មនុស្សជាង ១,០០០នាក់អាចត្រូវបានសម្លាប់ នៅក្នុងការតវ៉ាការដំឡើងថ្លៃប្រេងនៅឯប្រទេសអ៊ីរ៉ង់
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា មនុស្សជាង ១,០០០នាក់ អាចត្រូវបានសម្លាប់ ក្នុងការតវ៉ានាពេលថ្មីៗនេះនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Brian Hook អ្នកតំណាងពិសេសអាមេរិកសម្រាប់អ៊ីរ៉ង់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបានទទួលវីដេអូមួយ ដែលបង្ហាញពីក្រុមឆ្មាំបដិវត្តអ៊ីស្លាមបាញ់កាំភ្លើងយន្តទៅលើក្រុមបាតុករនៅក្នុងទីក្រុងមួយនៅភាគនិរតីប្រទេសនេះ។ នៅក្នុងឧប្បត្តិហេតុនោះផ្ទាល់ក៏មានអ្នកស្លាប់រហូតដល់ ១០០នាក់ ហើយមនុស្សរាប់រយនាក់ទៀតក៏ប្រហែលជាត្រូវបានសម្លាប់នៅក្នុង និងជុំវិញរដ្ឋធានី Tehran ផងដែរ។

លោកបានបន្ថែមទៀតថា អ្នកស្លាប់ និងរបួស ប្រហែលជាកើនដល់ជាង ១,០០០នាក់ ចាប់តាំងពីការតវ៉ាថ្លៃប្រេងនេះបានចាប់ផ្តើម ប៉ុន្តែយ៉ាងណាក្រសួងការបរទេសមិនបានបញ្ចេញវីដេអូនៃការបាញ់ប្រហារនេះទេ។ វាបាននិយាយថា ការប៉ាន់ស្មាននៃគ្រោះថ្នាក់នេះគឺផ្អែកលើវីដេអូ និងព័ត៌មានពីក្រុមឯករាជ្យ។ លោក Hook បាននិយាយថា ពេលនេះគឺជាពេលវេលាដែលប្រជាជាតិទាំងអស់ត្រូវឈរជើងជាមួយប្រជាជនអ៊ីរ៉ង់ ផ្តាច់ការទូត និងដាក់ទណ្ឌកម្មលើអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់នេះ៕




អត្ថបទ៖ លីដា