ប្រទេសចិននឹងលើកលែងពន្ធលើសាច់ជ្រូក និងសណ្តែកសៀងរបស់អាមេរិក ដើម្បីសម្រាលបន្ទុកមុនកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងលើកលែងពន្ធលើការនាំចូលសណ្តែកសៀង និងសាច់ជ្រូកមួយចំនួនពីសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងពន្ធនេះផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ សម្រាប់ការនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់សហរដ្ឋអាមេរិក។ ការលើកលែងជាពិសេសអនុវត្តចំពោះក្រុមហ៊ុនចិនដែលនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែវាមិនបានបញ្ជាក់ពីបរិមាណដែលពាក់ព័ន្ធនោះទេ។

រំលឹកដែរថា ប្រទេសចិនបានដាក់ពន្ធ ២៥% លើសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលជាវិធានការណ៍ប្រឆាំងនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់មកលើចិន ក៏ដូចជាជុំវិញការចោទប្រកាន់ថា ចិនបានលួច និងបង្ខំឱ្យផ្ទេរកម្មសិទ្ធិបញ្ញារបស់អាមេរិកទៅក្រុមហ៊ុនចិន។ ការលើកលែងនេះកើតឡើងចំពេលមានការចរចារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល ១៧ខែ មកហើយនោះ។ ការកាត់បន្ថយពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក គឺជាផ្នែកសំខាន់នៃកិច្ចពិភាក្សាទាំងនោះ។
ប្រទេសចិនក៏បាន និងកំពុងប្រមែប្រមូលសាច់បន្ថែមទៀតពីក្រៅប្រទេសផងដែរ ដើម្បីបំពេញកង្វះប្រូតេអ៊ីនដ៏ធំរបស់ខ្លួន បន្ទាប់ពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលវាបានបំផ្លាញសត្វជ្រូក និងប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ជ្រូក។ សេចក្តីប្រកាសនេះធ្វើឡើងតាមអ្នកចរចាអាមេរិក និងចិនដែលថា ពួកគេអាចនឹងខិតជិតឈានដល់ការព្រមព្រៀងលើដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលវានឹងដោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទោះយ៉ាងណាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរីករាយរង់ចាំដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយចិន រហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ២០២០៕

![]()
អត្ថបទ៖ លីដា