ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកធ្លាក់ធំជាងគេបង្អស់មួយក្នុងពិភពលោក ពេលនេះស្ទើរតែរីងស្ងួតទាំងស្រុង ដោយសារការប្រែប្រួលអាកាសធាតុ

    BY autoadmin December 9, 2019
    ទឹកធ្លាក់ធំជាងគេបង្អស់មួយក្នុងពិភពលោក ពេលនេះស្ទើរតែរីងស្ងួតទាំងស្រុង ដោយសារការប្រែប្រួលអាកាសធាតុ

    ដូចយើងដឹងហើយថា ការប្រែប្រួលអាកាសធាតុបានផ្តល់នូវផលវិបាកយ៉ាងណាខ្លះ។ វាបានធ្វើឱ្យសកម្មភាពអាកាសធាតុ ឬ កម្ដៅផែនដីមានការឡើង/ចុះខុសពីធម្មតា ដែលទាំងនេះវាបង្កបញ្ហាជាច្រើនមិនថាលើមនុស្ស សត្វ ឬធម្មជាតិនោះទេ។ ជាក់ស្ដែងការផ្លាស់ប្តូរដែលយើងអាចចាប់អារម្មណ៍បាននាពេលបច្ចុប្បន្ននេះគឺ ទឹកធ្លាក់ដ៏ធំមួយរបស់ពិភពលោកឈ្មោះថា Victoria Falls ដែលមានទីតាំងនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ជាទឹកធ្លាក់ដែលហូរចុះចូលទន្លេហ្សំប៊េហ្សិ (Zambezi) ក្នុងជម្រៅរហូតដល់ទៅ ១០០ម៉ែត្រ ពេលនេះបានរីងស្ងួតស្ទើរទាំងស្រុង។

    វាគឺជាលទ្ធផលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលបានវាយប្រហារតំបន់នេះអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្តនោះ ប្រទេសហ្ស៊ីមបាវេ និងហ្សំបៀ ដែលធ្លាប់តែទទួលបានផលប្រយោជន៍ពីការទាក់ទាញទេសចរណ៍ពីទឹកធ្លាក់ Victoria Falls ក៏ប្រហែលជានឹងលែងទទួលបានប្រយោជន៍នេះទៀតដែរ។ ក្នុងប៉ុន្មានឆ្នាំមុនករណីនៃគ្រោះរាំងស្ងួតធ្វើឱ្យទឹកធ្លាក់យឺត ហើយអ្នកជំនាញក្នុងតំបន់និយាយថា គេមិនដែលឃើញទឹកធ្លាក់ធ្លាក់មកទាប និងទឹកហូរខ្សោយបែបនេះទេ។

    ប្រការនេះបាននាំឱ្យមានការភ័យខ្លាចចំពោះការប្រែប្រួលអាកាសធាតុ ដោយអ្នកស្រុកជាច្រើនមានការព្រួយបារម្ភថា បញ្ហានេះនឹងប៉ះពាល់ដល់ចំណូលរបស់ពួកគេពីវិស័យទេសចរណ៍។ យ៉ាងណាមិញថ្វីបើវាមិនទាន់ស្ងួតទាំងស្រុងពិតមែន ប៉ុន្តែយើងអាចមើលឃើញបានថា ទេសភាពពីមុន និងពេលនេះរបស់ទឹកធ្លាក់ គឺពិតជាខុសគ្នាឆ្ងាយមែនទែន៕

    អត្ថបទ៖ លីដា

    Share This Post: