នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសហ្វាំងឡង់ គឺជាប្រមុខដឹកនាំរដ្ឋាភិបាលស្ត្រីវ័យក្មេងជាងគេបំផុតក្នុងពិភពលោក ដែលមានអាយុត្រឹមតែ ៣៤ឆ្នាំ ប៉ុណ្ណោះ
ហ្វាំងឡង់បានជ្រើសរើសអ្នកស្រី Sanna Marin ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេស ដែលធ្វើឱ្យអ្នកស្រីក្លាយជាប្រមុខរដ្ឋាភិបាលដែលក្មេងជាងគេបំផុតនៅលើពិភពលោក ដែលគាត់មានអាយុតែ ៣៤ឆ្នាំ ប៉ុណ្ណោះ។ អ្នកស្រី Sanna Marin កំពុងមានសំឡេងនាំមុខគណបក្សចំនួន ៥ ដែលសុទ្ធតែត្រូវបានដឹកនាំដោយស្ត្រី ដែលក្នុងនោះមានស្ត្រី ៣នាក់ ហើយក៏មានម្នាក់មានអាយុ ៣០ឆ្នាំផងដែរ។ សភាប្រទេសក្នុងតំបន់ណ័រឌីក ដែលមានអាសនៈចំនួន ២០០ អាសនៈមួយនេះ បានយល់ព្រមឱ្យអ្នកស្រី Sanna Marin ឈ្នះក្នុងការបោះឆ្នោតក្នុងលទ្ធផល ៩៩-៧០ ។ នេះមានន័យថា រដ្ឋាភិបាលអ្នកស្រីមានសំឡេងភាគច្រើន ហើយអាចគ្រប់គ្រង ១១៧អាសនៈ បានយ៉ាងធូរខ្លួន។

ការតែងតាំងនេះក៏អនុញ្ញាតឱ្យអ្នកស្រីតំណាងឱ្យប្រទេសហ្វាំងឡង់ នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នៅចុងសប្តាហ៍នេះផងដែរ។ យ៉ាងណាមិញសម្ព័ន្ធនៃគណបក្សប្រជាធិបតេយ្យសង្គម, គណបក្សមជ្ឈិម និងដៃគូស្ត្រីវ័យក្មេង ៣រូបផ្សេងទៀតបាននិយាយថា ពួកគេប្តេជ្ញាចំពោះកម្មវិធីរដ្ឋាភិបាលថ្មីនេះ ដែលបានព្រមព្រៀងគ្នាបន្ទាប់ពីការបោះឆ្នោតតាំងតែពីខែមេសា ហើយនឹងបន្តនៅក្នុងគណៈរដ្ឋមន្រ្តីថ្មីក្រោមការគ្រប់គ្រងរបស់អ្នកស្រី Sanna Marin ជានិច្ច។ គួរឱ្យដឹងដែរថា អ្នកស្រី Sanna Marin ពីមុនមកឈរក្នុងតំណែងលេខ២ នៅក្នុងគណបក្សប្រជាធិបតេយ្យសង្គម ប៉ុន្តែត្រូវបានចូលមកកាន់តំណែងបន្ទាប់ពីអ្នកស្រី Antti Rinne ដោយសារអ្នកស្រី Antti Rinne បានលាឈប់ពីតំណែងកាលពីមួយសប្តាហ៍មុន បន្ទាប់ពីដៃគូសម្ព័ន្ធសំខាន់មួយគឺ គណបក្សកណ្ដាល បានដកការគាំទ្ររបស់ខ្លួន ដោយលើកឡើងពីកង្វះការទុកចិត្ត៕



អត្ថបទ៖ លីដា