ប្រយ័ត្នឱ្យមែនទែនអ្នកធ្វើការនៅនឹងមុខកុំព្យូទ័រច្រើន ប្រយ័ត្នមានបញ្ហាហូរទឹកចេញពីក្រោមភ្នែកដូចនារីម្នាក់នេះ
យោងតាមសារព័ត៌មាន China Press បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Peng មកពីខេត្តក្វាងទុងប្រទេសចិន មានបញ្ហាភ្នែកហូរទឹកយ៉ាងខ្លាំង ដោយសារនាងឧស្សាហ៍ធ្វើការថែមម៉ោងពេក ដែលទីបំផុតវាបណ្តាលឱ្យភ្នែករបស់នាងចុះខ្សោយ។ ស្ត្រីម្នាក់នោះបានរៀបរាប់ថា ភ្នែករបស់នាងចាប់ផ្តើមហូរទឹកយ៉ាងខ្លាំង ហើយវាមិនមែនជាទឹកភ្នែកនោះទេ ប៉ុន្តែជាទឹកដែលចេញពីក្រោមរ៉េទីន (retina) ដែលជាស្រទាប់នៅក្រោមភ្នែកបង្អស់។ ក្រោយមកនាងបានទៅរកការព្យាបាលវេជ្ជសាស្រ្ត និងបាននិយាយប្រាប់គ្រពេទ្យថា ភ្នែករបស់នាងកាន់តែស្រវាំង និងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញគ្រូពេទ្យដែលបានមើលនាងនិយាយថា បញ្ហានេះគឺបណ្ដាលមកពីនាងមានទម្លាប់ធ្វើការយូរម៉ោង និងនៅមុខកំុព្យូទ័រច្រើនពេក ដែលវាធ្វើឱ្យប៉ះពាល់ដល់សសៃឈាមបាតភ្នែក ដែលភាសាបច្ចេកទេសហៅថា Central Serous Chorioretinopathy ឬ CSC ។ បើយោងតាម Medical News Today ឱ្យដឹងថា រ៉េទីនមានតួនាទីបកប្រែពន្លឺទៅក្នុងភ្នែករបស់យើង ក៏ដូចជាបញ្ជូនរូបភាពទៅដល់ខួរក្បាលឱ្យវាបានយល់។ សម្រាប់បញ្ហាមានហូរទឹកចេញពីក្រោមបាតភ្នែកបែបនេះ វាអាចធ្វើឱ្យរ៉េទីនមិនធ្វើការ ហើយចុងក្រោយវានឹងកាន់តែធ្វើឱ្យភ្នែកមានបញ្ហាមើលមិនឃើញនេះឯង។
គ្មានការព្យាបាលណាមួយត្រូវបានទាមទារសម្រាប់ស្ថានភាពនេះទេ ប៉ុន្តែអ្នកជំងឺត្រូវការគេងឱ្យបានច្រើន ឱ្យទឹកនោះហូរចេញពីភ្នែកដោយឯកឯង និងកាត់បន្ថយការនៅនឹងមុខកុំព្យូទ័រច្រើនម៉ោងជាដើម។ ប្រសិនបើទឹកដក់ក្រោមភ្នែកនោះមិនហៀរចេញក្រៅទេ គេអាចមានវិធីបាញ់ឡាស៊ែរជាដើម។ ម៉្យាងទៀតអ្នកជំងឺត្រូវការអាហារគ្រប់គ្រាន់ជំនួយដល់ភ្នែក ក៏ដូចជាការប្តូរទម្លាប់មិនល្អក្នុងការរស់នៅដូចជា ផឹកស្រា ស្ត្រេសច្រើន និងសកម្មភាពដែលធ្វើឱ្យមានសម្ពាធខ្លាំងដល់រាងកាយ៕

អត្ថបទ៖ លីដា