អីយ៉ា! ស្ងាត់ៗលោក បារ៉ាក់ អូបាម៉ា នាំភរិយាមកលេងប្រទេសវៀតណាម ហើយចូលពិសាអាហារពេលល្ងាចនៅក្នុងហាងមួយ នៅក្នុងទីក្រុងសាយហ្គនទៀតផង
ថ្មីៗនេះអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងភរិយា លោកស្រី មីហ្សែល អូបាម៉ា ត្រូវបានគេប្រទះឃើញចូលទទួលទានអាហារពេលល្ងាចនៅឯភោជនីយដ្ឋានមួយ នៅឯសាយហ្គនប្រទេសវៀតណាម។ ប្តីប្រពន្ធមួយគូនេះបានចេញពីសណ្ឋាគារដែលគាត់ស្នាក់នៅនាម៉ោងប្រហែល ៦ល្ងាច កាលពីថ្ងៃពុធ និងបានទៅទស្សនាកន្លែងមួយនៅលើផ្លូវ Dong Khoi មុនពេលធ្វើដំណើរទៅកាន់ភោជនីយដ្ឋាន Cuc Gach នៅលើដងផ្លូវ Dang Tat ។ លោក អូបាម៉ា និងភរិយា បានអង្គុយនៅជាន់ទីមួយ ហើយគាត់បានពិសា ឆាផ្កាស្រឡិតខ្ទឹមស (Tonkin jasmine flowers with garlic), ខសាច់ជ្រូក, ឆាយ៉ និងស៊ុបជូររបស់វៀតណាម។

ក្រោយបរិភោគឆ្អែតគាត់ក៏បានសុំឱ្យហាងគិតលុយតាមកាត ប៉ុន្តែអ្នកគ្រប់គ្រងហាងនោះមិនទទួលលុយរបស់គាត់នោះទេ។ លោក ហៃ ដែលជាអ្នកគ្រប់គ្រងបានប្រាប់ទៅលោក អូបាម៉ា ថា គាត់មិនទទួលលុយទេ ព្រោះអាហារទាំងនោះមានស្រាប់នៅក្នុងផ្ទះរបស់គាត់។ គាត់បាននិយាយថា គ្រឿងផ្សំទាំងអស់ត្រូវបានដាំដុះនៅលើកសិដ្ឋានគាត់ផ្ទាល់ ហើយដូច្នេះគាត់មិនចំណាយច្រើនលើវាទេ។ លើសពីនេះគាត់ចង់ស្វាគមន៍លោក អូបាម៉ា ឱ្យដូចជាភ្ញៀវគ្រួសាររបស់គាត់។ ហេតុដូច្នេះហើយទើបលោក អូបាម៉ា និងភរិយា ក៏យល់ព្រម។ លោក ហៃ ក៏បានប្រាប់ឱ្យដឹងផងដែរថា មុនពេលដែលលោក អូបាម៉ា មកដល់ មានគេប្រាប់ឱ្យគាត់ចាំទទួលអ្នកនយោបាយមួយចំនួនផងដែរ។ ប៉ុន្តែប្រហែលជាពេលនោះគាត់មិនបានគិតដល់ថា ជាអតីតប្រធានាធិបតីអាមេរិកនោះទេ។
គួរឱ្យដឹងដែរថាលោក បារ៉ាក់ អូបាម៉ា បានមកដល់ទីក្រុងហូជីមិញ (សាយហ្គន) កាលពីថ្ងៃអាទិត្យ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីលោកបានលាឈប់ពីតំណែង។ លោកបានជួបប្រជុំជាមួយលេខាបក្សរបស់ទីក្រុងលោក Nguyen Thien Nhan កាលពីថ្ងៃច័ន្ទ ខណៈពេលដែលលោកស្រី មីហ្សែល បានទៅមើលសាលារៀនមួយនៅខេត្ត Long An ក្នុងតំបន់ដីសណ្ដមេគង្គ ដើម្បីលើកកម្ពស់ការអប់រំរបស់ក្មេងស្រីផងដែរ៕



អត្ថបទ៖ លីដា